(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោងសាន សូជី បានគូសបញ្ជាក់ម្តងទៀត ពីការត្រៀមលក្ខណៈរួចជាស្រេចរបស់រដ្ឋាភិបាល លោកស្រី ដើម្បីទទួលយកជនភៀសខ្លួន ដែលបានរត់ចេញពីវិបត្តិនៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងទៅកាន់ប្រទេស បង់ក្លាដែស បន្ទាប់ពីមានការផ្ទៀតផ្ទាត់ ក៏ដូចជាត្រួតពិនិត្យត្រឹមត្រូវ ហើយលោកស្រីក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយភាគីបង់ក្លាដែស ដើម្បីពន្លឿនដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍នេះផងដែរ៕

២៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើឱ្យអង្គការសហប្រជាជាតិ ចូលរួមអង្កេតលើគំរោងបិទទីតាំងធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង៕

៣៖ រ៉េខាងជើងបានចាប់ផ្ដើមដក ឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងត្បូង ចេញពីតំបន់ព្រំដែនហើយ ជាផ្នែកមួយនៃការអនុវត្ត សេចក្ដីថ្លែងការណ៍រួម Panmunjom ក្រោយជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃសុក្រ សប្ដាហ៍មុន៕

៤៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសិប វូ (Joseph Wu) នៅថ្ងៃអង្គារនេះបានថ្កោលទោសយ៉ាងខ្លាំងក្រោយពីបានឃើញ ព័ត៌មានចេញផ្សាយថា ចិនបានបង្កើតចំណងការទូតជាមួយសាធារណរដ្ឋដូមីនិច ដែលជាសម្ព័ន្ធមិត្តផ្នែកការទូតជាមួយតៃវ៉ាន់៕

៥៖ នាយករដ្ឋមន្ត្រីអ៊ីសា្រអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញនូវអ្វីដែលលោកផ្ទាល់ហៅថា ជាឯកសារសម្ងាត់នុយក្លេអ៊ែរ ដែលបញ្ជាក់ថា អ៊ីរ៉ង់នៅតែបន្តលួចលាក់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ៕

៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេលអនុវត្តន៍ការតម្លើងពន្ធ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម លើប្រទេសកាណាដា សហភាពអឺរ៉ុប និងប្រទេសមិចស៊ីកូ រហូតដល់ថ្ងៃទី០១ ខែមិថុនា ខណៈលោកទើបតែ បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រទេស អាហ្សង់ទីន អូស្រ្ដាលី និងប្រេស៊ីល៕