(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើឱ្យអង្គការ​សហប្រជាជាតិ ចូលរួមអង្កេតលើ​គំរោងបិទ ទីតាំងធ្វើ​តេស្ដអាវុធនុយក្លេអ៊ែរ របស់​កូរ៉េខាងជើង។ នេះបើតាម​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​ដ៏ខ្លីមួយ អ្នកនាំពាក្យវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក គីម អ៊ុយគ្យឹម (Kim Eui-kyeom) បានឱ្យដឹងថា លោក មូន បានពិភាក្សា​គ្នាតាមទូរស័ព្ទ​រយៈពេល​កន្លះម៉ោង ជាមួយអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) នៅថ្ងៃអង្គារនេះ ស្ដីពីលទ្ធផល​នៃកិច្ចប្រជុំកំពូល​អន្តរកូរ៉េ​លើកទីបី​ កាលពី​សប្ដាហ៍មុន។

បន្ថែមពី​លើនេះ លោក មូន ក៏បាន ប្រាប់លោក Guterres ផងដែរថា លោក គីម ជុងអ៊ុន សន្យាថា នឹងបង្ហាញពីតម្លាភាព​ក្នុងការបិទទីតាំង​ធ្វើតេស្ដអាវុធ​នុយក្លេអ៊ែរ Punggye-ri ដល់​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រួមទាំងសហគមន៍​អន្តរជាតិ​ទាំងមូល។

សូមជម្រាបថា ជាការ​ឆ្លើយតប លោក Guterres បាននិយាយថា លោកមានបំណង​សហការ​ក្នុងការអង្កេតការណ៍​ស្នើឡើងដោយ លោក មូន។ ប៉ុន្តែលោក​អះអាងថា សំណើនេះត្រូវ​ទទួលបានការ​យល់ព្រម​ ពីក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយថា លោកនឹងបង្កើន​កិច្ចខិតខំប្រឹងប្រែង​ ដើម្បីជួយផ្សះផ្សា ក៏ដូចជាស្វែងរក​សន្តិភាពនៅ​លើតំបន់​ឧបទ្វីបកូរ៉េ៕