(តេហេរ៉ង់)៖ មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បានចោទប្រកាន់​សហរដ្ឋអាមេរិកថា កំពុងចិញ្ចឹម​វិបត្តិ​នៅក្នុង​តំបន់មជ្ឈិមបូព៌ា​ តាមរយៈការញុះញង់ឱ្យអារ៉ាប៊ីសាអូឌីត​ប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Al jazeera នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

ការថ្លែងបែបនេះ​របស់លោក Khamenei ធ្វើឡើងនៅ​ក្នុងសុន្ទរកថា​មួយ​ តាមកញ្ចក់ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃចន្ទ។ ថ្លែងនា​ឱកាសនោះដែរ មេដឹកនាំ​ជាន់ខ្ពស់រូបនេះ​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​ ចាកចេញពីតំបន់​មជ្ឈិមបូព៌ា ហើយថា​រាល់ការព្យាយាម​ប្រកួតប្រជែង​ជាមួយអ៊ីរ៉ង់ នឹងទទួល​បរាជ័យ។ មេដឹកនាំ​កំពូលអ៊ីរ៉ង់​រូបនេះ បានលើកឡើង​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក កំពុងព្យាយាម​ញុះញង់អារ៉ាប៊ីសាអូឌីត ឱ្យប្រឆាំង នឹងអ៊ីរ៉ង់... គោលបំណង​របស់ពួកគេ គឺបង្កើតជម្លោះ​បន្ថែម និងជំរុញឱ្យ​អ្នកកាន់សាសនា​អ៊ីស្លាម​ ប្រឆាំងនឹងអ្នកកាន់​សាសនា​អ៊ីស្លាម។ ដូច្នេះរាល់​ការប្រកួតប្រជែង និងរាល់ការ​ប្រឈមមុខជាមួយអ៊ីរ៉ង់ ពួកគេ​នឹងទទួលបរាជ័យ»។

គួរបញ្ជាក់ថា បើតាម​លោក Khamenei អ៊ីរ៉ង់គ្មានបំណង​កំណត់ ឬដាក់កំហិតឥទ្ធិពល​របស់ខ្លួន​នៅក្នុងតំបន់មជ្ឈិមបូព៌ា​នោះទេ។ «ជន ជាតិអាមេរិក គឺជាអ្នកដែល​ត្រូវចាក​ចេញ... តំបន់​មជិ្ឈមបូព៌ា អាស៊ីភាគ​ខាងលិច និងឈូងសមុទ្រ​ពែក គឺជាផ្ទះរបស់​ពួកយើង»។ នេះគឺ​ជាការលើកឡើង​របស់លោក Khamenei៕