(សេអ៊ូល)៖ កូរ៉េខាងជើង​បានចាប់ផ្ដើម​ដក ឧបករណ៍​បំពងសំឡេង​រិះគន់កូរ៉េខាងត្បូង ចេញពីតំបន់​ព្រំដែន​ហើយ ជាផ្នែកមួយ​នៃការអនុវត្ត​សេចក្ដី​ថ្លែងការណ៍រួម Panmunjom ក្រោយជំនួបកំពូល​អន្តរកូរ៉េកាល​ពីថ្ងៃសុក្រ សប្ដាហ៍មុន។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ​ នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង កូរ៉េខាងជើង​បានដំណើរការ​ឧបករណ៍បំពង​សំឡេង​ចំនួន ៤០ នៅតំបន់​ព្រំដែន​ ដែលកន្លងមកត្រូវបានប្រើប្រាស់​ដើម្បី​រិះគន់ និងធ្វើសង្រ្គាមចិត្តសាស្ត្រជាមួយកូរ៉េខាងត្បូង ដូចដែលកូរ៉េខាងត្បូងកន្លងមក​ធ្លាប់​បានធ្វើផងដែរ។ ប៉ុន្តែកូរ៉េទាំងពីរ​បានចាប់ផ្ដើម​ដកឧបករណ៍​ទាំងនេះ ចេញហើយ​នៅរសៀលថ្ងៃ​អង្គារនេះ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូល​អន្តរកូរ៉េកាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានចុះ​ហត្ថលេខា​លើសេចក្ដីថ្លែងការណ៍រួម Panmunjom។ ផ្អែកលើសេចក្ដី​ថ្លែងការណ៍រួមនេះ កូរ៉េទាំងពីរយល់ព្រមបញ្ឈប់រាល់សកម្មភាព​អរិភាព និងការប្រឈមមុខ​ដាក់គ្នា ក្នុងនោះមានដូចជាការដកឧបករណ៍​បំពងសំឡេង ការចែកខិតប័ណ្ណរិះគន់គ្នា ក៏ដូចជាធ្វើការងារ​រួមគ្នាដើម្បី ស្វែងរកសន្តិភាព​នៅលើ​ឧបទ្វីបកូរ៉េ​ជាដើម៕