(តេហេរ៉ង់)៖ អាជ្ញាធរយុត្តិធម៌​អ៊ីរ៉ង់ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ បានចេញបញ្ជា​ឱ្យបិទ​ទាំងស្រុង Telegram ដែលជាបណ្ដាញ​ទំនាក់ទំនង​សង្គម ដ៏មានប្រជាប្រិយភាព​បំផុតនៅក្នុង​ប្រទេស។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

បើតាមស្ថានីយ៍​ទូរទស្សន៍ Press TV ការហាម​ឃាត់នេះ ដោយសារតែ​អាជ្ញាធរអ៊ីរ៉ង់ចោទ​ប្រកាន់ថា Telegram បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សន្តិសុខ​ជាតិ វប្បធម៌ និងសេដ្ឋកិច្ច​អ៊ីរ៉ង់ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំថ្មីៗ​នេះ។ ដូច្នេះហើយ ទើបការិយាល័យ​រដ្ឋអាជ្ញា​សម្រាប់វប្បធម៌ និងប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងទីក្រុង​តេហេរ៉ង់ បានចេញបញ្ជា​ឱ្យក្រុមហ៊ុន​ផ្គត់ផ្គង់ អ៊ីនធើណែត​នៅទូទាំងប្រទេស បិទបណ្ដាញ​ទំនាក់ទំនង​សង្គមរុស្ស៊ីមួយនេះ ចាប់ពី​ថ្ងៃទី៣០ ខែមេសា ម្សិលមិញតទៅ។

គួរបញ្ជាក់ថា ការសម្រេចចិត្តបិទ Telegram ពីសំណាក់​អាជ្ញាធរអ៊ីរ៉ង់ ធ្វើឡើងបន្ទាប់​ពីនាយកការិយាល័យ​រដ្ឋអាជ្ញា​ ក្នុងទីក្រុងតេហេរ៉ង់ ទទួលបានការតវ៉ា​ជាច្រើនពីប្រជាជន​អ៊ីរ៉ង់ ដោយអំពាវនាវ​ឱ្យបិទបណ្ដាញ​ទំនាក់ទំនងសង្គមនេះ​ទាំងស្រុង ហើយវាក៏បានកើត​មានឡើង​ប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំ​ជាន់ខ្ពស់ប្រទេសនេះ គឺលោក អាយ៉ាតូឡាហ៍ ខាមេណៃ សម្រេចចិត្ត​ឈប់ប្រើបណ្តាញ​សង្គមរុស្ស៊ី​មួយនេះ​ផងដែរ៕