(រ៉ងហ្គូន)៖ ទីប្រឹក្សា​រដ្ឋមីយ៉ាន់ម៉ា​លោកស្រី អោងសាន សូជី បានគូស​បញ្ជាក់ម្តងទៀត ពីការត្រៀម​លក្ខណៈរួចជាស្រេច​​របស់រដ្ឋាភិ​បាល​លោកស្រី ដើម្បីទទួលយក​ជនភៀសខ្លួន ដែលបានរត់​ចេញពីវិបត្តិ​នៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើង ទៅកាន់​ប្រទេស​​បង់ក្លា​ដែស បន្ទាប់ពីមាន​ការផ្ទៀតផ្ទាត់​ ក៏ដូចជាត្រួតពិនិត្យត្រឹមត្រូវ ហើយលោកស្រី​ក៏បានអំពាវនាវ​ឲ្យមានកិច្ចសហប្រតិបត្តិការ​ ជាមួយភាគី​​បង់​ក្លាដែស ដើម្បីពន្លឿន​ដំណើរការ​​នៃការ​ធ្វើ​មាតុភូមិនិវត្តន៍​នេះផងដែរ។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា ដក​ស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

បើតាមក្រសួង​ខាងលើ លោកស្រី អោងសាន សូជី បានធ្វើការបញ្ជាក់​បែបនេះ នៅក្នុងឱកាស​លោកស្រី បានជួបពិភាក្សា​ជាមួយ​​​គណៈប្រតិភូ នៃតំណាង​អចិន្រ្តៃយ៍​ប្រចាំអង្គការ​សហប្រជាតិ, តំណាង​មក​ពី​ប្រទេសជិតខាង​មីយ៉ាន់ម៉ាប្រចាំ​អង្គការសហប្រជាជាតិ, ប្រធាន​​​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN), និង​សមាជិកនៃ ​ក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ (UNSC) នៅឯទីក្រុង​ណៃពិដោ​នាវេលា​យប់​ថ្ងៃចន្ទ​ម្សិលមិញ​នេះ។

គួរជម្រាបថា ​កាលពីថ្ងៃ​វិច្ឆិកាឆ្នាំមុន មីយ៉ាន់ម៉ា បានចុះហត្ថលេខា​ជាមួយបង់ក្លាដែស ជុំវិញការវិលត្រឡប់មកវិញ​នៃជនភៀសខ្លួន​ ដែល​បាន​រត់​​ទៅ​បង់​ក្លា​ដែស ដោយកាលនោះ​បានប្រកាសថា នឹងចាប់ផ្តើម​ដំណើរការនៃការធ្វើ​មាតុភូមិនិវត្តន៍នៃជន​ទាំងនោះ នៅថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០១៨នេះ យ៉ាងណាមិញ វាកំពុងស្ថិត​ក្រោមការពន្យាពេល​ដដែល​ រហូតដល់មកទល់​ពេលនេះ ដោយសារ​ហេតុផល​ជាច្រើន។​

គួរបញ្ជាក់​ផងដែរថា អំពើហិង្សាដែលបានផ្ទុះ​ឡើងនៅក្នុងរដ្ឋ Rakhine នៃប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បាន​បង្ខំ​ឲ្យប្រជាជន​នៅទីនោះ ដែលភាគច្រើនសុទ្ធ​តែជាជនជាតិដើមភាគតិច​រ៉ូហ៊ីងយ៉ា ​រាប់សែននាក់ រត់ភៀសខ្លួន​ទៅកាន់ព្រំដែន និងចូលទៅក្នុង​ប្រទេស​​បង់​ក្លាដែស៕