(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​ពន្យារពេលអនុវត្តន៍​ការតម្លើងពន្ធ​ លើការនាំចូល​ដែកថែប និង​អាលុយមីញ៉ូម លើប្រទេស​កាណាដា សហភាពអឺរ៉ុប និងប្រទេស​មិចស៊ីកូ រហូតដល់​ថ្ងៃទី០១ ខែមិថុនា ខណៈលោក​ទើបតែបានឈាន​ដល់ កិច្ចព្រមព្រៀងមួយ​​ជាមួយប្រទេស​ អាហ្សង់ទីន អូស្រ្ដាលី និងប្រេស៊ីល ប៉ុន្តែមិនទាន់បញ្ជាក់ច្បាស់នោះទេថា ជាកិច្ចព្រមព្រៀងអ្វី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters ផ្អែកលើប្រភព​ដែលខ្លួនទទួល​បាន​ឱ្យដឹងទៀតថា ការសម្រេច​ចិត្តនេះ​ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុន​នឹងការលើកលែង​​ការតម្លើងពន្ធ​បណ្ដោះអាសន្ន នឹងត្រូវផុតកំណត់​នៅម៉ោង ១២៖០១នាទី ថ្ងៃអង្គារនេះ (ម៉ោងនៅក្នុង​សហរដ្ឋអាមេរិក)។ «រដ្ឋបាលលោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានឈាន​ដល់កិច្ចព្រមព្រៀង​​ជាមួយ​ប្រទេស អាហ្សង់ទីន អូស្ត្រាលី និងប្រេស៊ីល រីឯការបញ្ជាក់​លម្អិតនៅត្រូវ​បញ្ជាក់លម្អិត​នៅ ៣០ថ្ងៃ​បន្ទាប់។​

បន្ថែមពីលើនេះ ទីក្រុងវ៉ាស៊ីនតោន​ក៏បានសម្រេច​ចិត្ត ពន្យារការអនុវត្ត​ការតម្លើងពន្ធនាំចូល​ដែកថែប និងអាលុយមីញ៉ូម​ជាមួយ សហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ីកូ​ផងដែរ រហូតដល់​ថ្ងៃទី០១ ខែមិថុនា (៣០ថ្ងៃបន្ទាប់)»។ នេះបើតាម​ប្រភពស្និទ្ធនឹងការសម្រេច​ចិត្តនេះ​ ដែលទីភ្នាក់ងារ Reuters ទទួល​បាន។

គួររំលឹកថា កាលពីខែមីនា លោក ដូណាល់ ត្រាំ បានប្រកាសពី​គំរោងតម្លើងពន្ធ​នាំចូលដែកថែប ២៥ភាគរយ និង​អាលុយមីញ៉ូម ១០ ភាគរយ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកបានសម្រេចចិត្តពន្យារអនុវត្តន៍ការ​តម្លើងពន្ធនេះ បណ្ដោះអាសន្ន​លើ កាណាដា ម៉ិចស៊ីកូ ប្រេស៊ីល សហភាពអឺរ៉ុប អូស្រ្ដាលី និងអាហ្សង់ទីន ហើយមិនតែប៉ុណ្ណោះ លោកក៏បានលើកលែង​ការតម្លើងពន្ធ​លើដែកថែបដល់​កូរ៉េខាងត្បូង ជាអចិន្ត្រៃយ៍​ផងដែរ៕