(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រី​អ៊ីសា្រអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញ​នូវអ្វីដែលលោក​ផ្ទាល់ហៅថា ជាឯកសារសម្ងាត់នុយក្លេអ៊ែរ ដែលបញ្ជាក់ថា អ៊ីរ៉ង់នៅតែបន្តលួចលាក់​អភិវឌ្ឍន៍អាវុធ​នុយក្លេអ៊ែរ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹក​ថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​លោក Netanyahu ឯកសំងាត់នុយក្លេអែរ​កម្រាស់​រាប់ពាន់ទំព័រ ដែលអ៊ីស្រាអែល​បានបង្ហាញថា អ៊ីរ៉ង់បាន​បោក​បញ្ឆោតពិភពលោកថា ខ្លួនបានបោះបង់ចោល​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។ លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះ ក៏បាន​ចោទប្រកាន់​អ៊ីរ៉ង់ដែរថា បានលួចលាក់ដឹកនាំ​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​រហូត​ដល់២០០៣ ក្រោម​ឈ្មោះថា «Project Amad» ហើយ​បើទោះជាគំរោងនេះ​បានបិទក៏ដោយ ក៏អ៊ីរ៉ង់នៅតែ​បន្តអភិវឌ្ឍន៍កម្មវិធី​អាវុធនុយក្លេអ៊ែរ​ដដែល។

គួរបញ្ជាក់ថា ការអះអាង​របស់លោក Benjamin Netanyahu កើតមានឡើងតែ​ប៉ុន្មានសប្ដាហ៍ មុននឹងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្ត​ថា ត្រូវបន្តរក្សា ឬបោះបង់ចោល​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​កាលពី​ឆ្នាំ២០១៥ នៅថ្ងៃទី១២ ខែឧសភា​ខាង​មុខនេះ៕