(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន​ ជែអ៊ីន បាននិយាយនៅថ្ងៃចន្ទនេះថា​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សាកសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) សម្រាប់ការជួយជ្រោមជ្រែងឱ្យមានជំនួបកំពូលអន្តរ កូរ៉េជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ ក្នុងឱកាសនៅក្នុងជំនួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់លោក។ លោក មូន តាមរយៈ ការស្រង់សម្ដីពីក្រុមមន្ត្រីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា៖«ជាការពិតណាស់ លោកប្រធានាធិបតីត្រាំ សាកសមនឹងទទួលបានជ័យលាភីពានរង្វាន់ណូបែលសន្តិភាព»។

ព្រមពេលជាមួយគ្នា​ លោក មូន ក៏បានអរគុណលោកត្រាំផងដែរសម្រាប់ការជួយឱ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាន់ខិតជិតគ្នា។ «ការដាក់សម្ពាធជាអតិបរាម៉ារបស់លោកត្រាំ ក៏ដូចជាទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងយោធា បានចូលរួមចំណែកយ៉ាងធំធេង បង្ខំឱ្យលោក គីម ជុងអ៊ុន ត្រឡប់មករកតុចរចាវិញ»។ នេះជាការលើកឡើងរបស់លោក មូន ជែអ៊ីន៕