(ញូយ៉ក)៖ ក្នុងអំឡុងនៃកិច្ចប្រជុំបិទទ្វារ​​មួយ​​ ជាមួយ​ប្រធាន​អង្គការជ្វីប​​ (Jew) ធំៗ​ នៅឯទីក្រុង​ញូយ៉ក ​ព្រះរាជទាយាទ​នៃព្រះរាជណាចក្រ​​អារ៉ាប៊ីសាអូឌីត ត្រូវគេ​រាយការណ៍ថា បានមានព្រះបន្ទូល​​រិះគន់ធ្ងន់ៗ​ ទៅលើរដ្ឋាភិបាល​រដ្ឋ​ប៉ាឡេស្ទីន ដោយសារ​ការបដិសេធ​មិនទទួល​​យក សំណើស្វែងរក​សន្តិភាព​នាឱកាស​ជាច្រើន។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពី សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី​៣០ ខែមេសា ឆ្នាំ២០១៨។

ព្រះអង្គ​ម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ព្រះរាជ្យបុត្រ​ស្នងរាជ្យរបស់​អារ៉ាប៊ីសាអូឌីត ​បានធ្វើការរិះគន់​ដោយមិនសំចៃ​នោះឡើយ ទៅលើ​ថ្នាក់ដឹកនាំ​ប៉ាឡេស្ទីន សម្រាប់ការធ្វើ​ឲ្យបាត់បង់ឱកាសម្តង​ហើយម្តងទៀត កាលពីអំឡុងប៉ុន្មាន​សតវត្សរ៍​កន្លងទៅនេះ និងសម្រាប់​​ការ​​ទាត់​ចោលរាល់សំណើ​កសាងសន្តិភាព​ទាំងអស់ ដែលខ្លួនត្រូវ​បានគេ​ផ្តល់ឲ្យ។ នេះបើតាម​ប្រភពដែលមាន​ចំណេះដឹង​ អំពី​កិច្ចការផ្ទៃ​ក្នុង​នៃ​​បញ្ហា​នេះ។

យោងតាម​ប្រភពដដែល ព្រះរាជទាយាទ​អារ៉ាប៊ីសាអូឌីត​បានប្រកាស​ដូច្នេះថា វាដល់ពេល​ហើយដែលពួក​ប៉ាឡេស្ទីន ទទួលយកនូវ​​សំណើ​ស្វែងរក​សន្តិភាព ហើយយល់​ព្រមចូលមក​អង្គុយ​នៅតុចរចា ឬក៏បិទមាត់​របស់ខ្លួន​ ហើយឈប់​ត្អូញត្អែរតទៀត​ទៅ។ ព្រះអង្គម្ចាស់​ក៏បាន​​​បញ្ជាក់​ផងដែរថា បញ្ហា​ប៉ាឡេស្ទីន បច្ចុប្បន្នគឺជា​អាទិភាពចម្បង​នៃព្រះរាជាណាចក្រ​របស់ទ្រង់ ហើយ​បើចង់​ឲ្យមានដំណើរការ​​នៃកិច្ចចរចាសន្តិ​ភាព ​​អ៊ីស្រាអែល-ប៉ាឡេស្ទីន មានការវិវឌ្ឍន៍ទៅមុខ អារ៉ាប៊ីសាអូឌីត និងប្រទេស​នៅឈូងសមុទ្រពែក​ផ្សេងទៀត ត្រូវតែស្តារ​​ទំនាក់ទំនង​​​ឡើង​វិញជាមួយ​អ៊ីស្រាអែល។

គួរជម្រាបថា បើតាមប្រភ​ព​ព័ត៌មានខាងលើ នៅពេលអ្នកមាន​វត្តមានទាំងអស់​នៅក្នុងកិច្ចប្រជុំ បានលឺសម្តី​របស់​​ព្រះអង្គម្ចាស់ Mohammed bin Salman ពាក់ព័ន្ធបញ្ហា​ប៉ាឡេស្ទីន មនុស្សរាល់គ្នា​បានរបូតចេញពី​កៅអីអង្គុយរៀងៗ​ខ្លួនតែម្តង។ ដោយឡែក គិតមកទល់​ពេលនេះ​ ​ជន​ជាតិប៉ាឡេស្ទីន​​ជិត ៥០នាក់ បានបាត់បង់​ជីវិត និងជាង ៥,៥០០នាក់ បានរង​របួស​ក្នុងអំឡុង​នៃការផ្ទុះ​បាតុកម្ម​ទ្រង់ទ្រាយធំ នាប៉ុន្មាន​​សប្តាហ៍​កន្លង​ទៅនេះ៕