(កាប៊ុល)៖ មនុស្សស្លាប់​បានកើនដល់ ២៩នាក់​​ហើយ ដោយក្នុងនោះ​មានអ្នកសារព័ត៌មាន​ដល់ទៅ ០៨នាក់ ដែលរួម​មានមកពីទី​​ភ្នាក់ងារ AFP និង Aljazeera ជាដើម ក្នុងករណី​វាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក​អត្តឃាត នៅកណ្តាល​រដ្ឋធានីកាប៊ុល ខណៈជន​ដៃដល់ ដែល​បាន​បន្លំ​ខ្លួន​​ធ្វើ​ជា​​​​អ្នកកាសែត​​ម្នាក់​ដែរនោះ បានបំផ្ទុះគ្រាប់បែក​អត្តឃាត​ទីពីរ​នៅកន្លែងកើត​ហេតុ ដែលជាករណី​បំផ្ទុះគ្រាប់​បែកមួយ​ផ្សេង​ទៀតនោះ។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយចេញ​ពី​វែបសាយ CNN នៅរសៀល​ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

បើតាមការអះអាង​ពី​ក្រុមមន្រ្តីរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន មនុស្សយ៉ាងតិច ២៩នាក់ រួមទាំងជន​ដៃដល់​បានបាត់បង់​ជីវិត នៅក្នុងហេតុការណ៍​​បំផ្ទុះគ្រាប់បែក​ចំនួនពីរលើក​នាព្រឹក​ថ្ងៃចន្ទសប្តាហ៍​នេះ (ពេលវេលានៅ​ទីក្រុងកាប៊ុល) ក្នុងរដ្ឋធានី​របស់​អាហ្វហ្គានីស្ថាន។ ករណីបំផ្ទុះ​គ្រាប់​បែកលើក​ទីមួយ បានកើតឡើង​នៅក្នុងតំបន់ ហ្សាសដារ៉ាក (Shashdarak) ជាទីដែលស្ថានទូត​អាមេរិក និងអគារ​ផ្សេង​ៗទៀត​​របស់​រដ្ឋាភិបាល​​អាហ្វ​ហ្គា​នី​ស្ថាន​តាំងនៅ ជាហេតុបណ្តាល​ឲ្យ​ក្រុមអ្នក​សារព័ត៌មាន ធ្វើការរួសរាល់​ទៅកាន់កន្លែង​កើតហេតុ។

ករណីទីពីរបានកើត​ឡើង​នាប្រមាណជា ៤០នាទីក្រោយមក ​នៅពេលដែល​ជនដៃដល់ ដែលបានក្លែងបន្លំខ្លួន​​​ជាអ្នកកាន់​កាមេរ៉ាព័ត៌មាន បាន​ចុះបំផ្ទុះខ្លួន​របស់គេ​ នៅក្នុងចំណោម​ក្រុមអ្នក​កាសែត ដែលបានប្រមូលផ្តុំគ្នា​ដើម្បីយកព័ត៌មាន​នៅជុំវិញកន្លែង​កើតហេតុ។ ជាលទ្ធ​ផល​អ្នកកាសែត ​០៨​នាក់ ​ក្នុងនោះមានស្រ្តី​ម្នាក់បានស្លាប់ ដែលអ្នក​ទាំងអស់នោះ មានប្រភពមក​ពីបណ្តាញសារព័ត៌មាន​ខុសៗគ្នា។

គួរជម្រាបថា ជាមួយគ្នានេះ​ហេតុការណ៍ទាំងពីរ​ករណីខាងលើ ក៏បានបន្សល់ទុកឲ្យ​មនុស្ស ៤៥នាក់ ទៀត​ទទួលរងរបួស​ផងដែរ ​ហើយ​ក្រុម​​ភេរវករ ISIS បានចេញមុខអះអាង​ថា ជាទង្វើរបស់ខ្លួន៕