(កាប៊ុល)៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បានឱ្យ​ដឹងថា ករណីវាយប្រហារ​​ដោយផ្ទុះ​គ្រាប់បែក​ផ្ទួនៗគ្នា​នៅឯរដ្ឋធានី​​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន នៅព្រឹក​ថ្ងៃចន្ទនេះ​បានផ្តាច់ជីវិតមនុស្ស​កើនដល់ ២៥នាក់ ក្នុងនោះមាន ០៦នាក់ ជាអ្នក​សារព័ត៌មាន​ហើយមនុស្ស ៤៥នាក់​ ផ្សេងទៀត​ក៏បានរង​របួស​ផងដែរ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅ​រសៀលថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ បើតាម​ការបញ្ជាក់​​ដោយ​ផ្ទាល់​ពី AFP ប្រធាន​ផ្នែកថតរូប​របស់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​មួយនេះ ប្រចាំទីក្រុង​​កាប៊ុល ឈ្មោះ ហ្សាហ៍ ម៉ារ៉ៃ (Shah Marai) បានបាត់បង់​ជីវិតនាថ្ងៃចន្ទនេះ នៅក្នុង​​ហេតុការណ៍​​បំផ្ទុះគ្រាប់បែក​​លើកទីពីរ ដែលមានគោលដៅ​ទៅលើ​ក្រុមអ្នកកាសែត​តែម្តង ដែលបាន​ប្រញាប់​ប្រញាល់ ទៅកាន់កន្លែង​វាយប្រហារ​​ ដោយផ្ទុះគ្រាប់បែក​អត្តឃាតមួយ​ផ្សេងទៀត នៅក្នុងរដ្ឋធានី​នៃប្រទេស​អាហ្វហ្គានីស្ថាន។​ ចំណែកឯ អ្នកសារព័ត៌មាន​ផ្សេងទៀតមកពី TOLOnews, 1TV និង​សារព័ត៌មាន Al Jazeera ក៏ស្ថិតនៅក្នុង​ចំណោមអ្នក​ស្លាប់ដែរ។

ករណីបំផ្ទុះគ្រាប់បែក​លើកទីពីរនេះ បានកើតមានឡើងតែ​ប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយករណី​ទីមួយ ហើយមានគោលដៅ​វាយប្រហារទៅ​លើ​​ក្រុម​អ្នកសារព័ត៌មាន ដែលស្ថិតនៅ​កន្លែង​កើតហេតុ។ ការផ្ទុះគ្រាប់បែក​អត្តឃាតលើកទីមួយ ត្រូវបានធ្វើឡើង​ដោយ​ជនដៃ​ដល់ម្នាក់ ជិះនៅ​លើម៉ូតូ​មួយគ្រឿង ហើយបានបន្សល់​ទុកឲ្យមនុស្ស​យ៉ាងតិច ០៤នាក់ស្លាប់ និង០៥នាក់របួស ហើយក្រុម ISIS​ បានចេញមុខទទួលខុសត្រូវ​ថា ជាទង្វើវាយប្រហារ​​នេះ៕