(ម៉ូស្គូ)៖ សារព័ត៌មាន​អ៊ីស្រាអែល Haaretz បាន​រាយការណ៍​ថា ការវាយប្រហារ​ដោយគ្រាប់មីស៊ីល​ជាស៊េរី​ ទៅលើមូលដ្ឋានទ័ព​ស៊ីរី​នៅក្នុងខេត្ត ហាម៉ា (Hama) និងខេត្ត អាឡេប៉ូ (Aleppo) ទំនងជាស្នាដៃ​របស់កងកម្លាំង​អ៊ីស្រាអែល។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

យ៉ាងណា​ក៏ដោយ ថ្លែង​ប្រាប់ Sputnik អ្នកនាំពាក្យកង​កម្លាំងការពារ​អ៊ីស្រាអែល បានបដិសេធ​អត្ថាធិប្បាយ ពាក់ព័ន្ធ​នឹងការវាយ​ប្រហារដោយគ្រាប់មីស៊ីល ប្រឆាំង​នឹង​មូលដ្ឋានទ័ព​ស៊ីរីជាច្រើន​កន្លែង នៅក្នុងខេត្ត Hama និងខេត្ត Aleppo កាលពីយប់​ថ្ងៃអាទិត្យ កន្លងទៅ (ម៉ោងនៅក្នុងតំបន់)។ «យើងបដិសេធ​ធ្វើការអត្ថាធិប្បាយ ចំពោះការចោទ​ប្រកាន់​ទាំងនេះ»។ នេះជាការ​គូសបញ្ជាក់ យ៉ាងខ្លីពីអ្នក​នាំពាក្យកង​កម្លាំងការពារ​អ៊ីស្រាអែល។

គួរជម្រាបថា បើតាមក្រុម​ប្រឆាំងស៊ីរី ទីតាំងមួយក្នុងចំណោម​ទីតាំងរងការវាយប្រហារ គឺជាមូលដ្ឋានកងទ័ព​ស៊ីរី ដែលគេស្គាល់ថា ជា​កងពលធំលេខ ៤៧ ស្ថិតនៅក្បែរទីក្រុង Hama ជាទីត្រូវបានគេជឿជាក់​ថា ជាកន្លែងជ្រើសរើស និងបណ្ដុះបណ្ដាល​ក្រុមអ្នកប្រយុទ្ធ ស៊ីអ៊ីត ដែលកំពុងគំាទ្រ​កងកម្លាំងលោក​ប្រធានាធិបតី បាស្សា អាល់ អាស្សាដ។

មកទល់​ពេលនេះ គេមិនទាន់ដឹងទេថា នរណាជា​អ្នកដឹកនាំការវាយប្រហារ​នេះទេ តែនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ធ្លាប់បាន​ព្រមាន​កាលពីប៉ុន្មាន​សប្ដាហ៍មុនថា ប្រទេសរបស់​លោកនឹង បន្តធ្វើសកម្មភាព​ប្រឆាំងនឹងអ៊ីរ៉ង់​នៅក្នុងប្រទេសស៊ីរី ក្រោយ​សហរដ្ឋអាមេរិក បារាំង អង់គ្លេស ផ្លោងមីស៊ីលដូចគេ​ស្រោចទឹកលើ​មូលដ្ឋានទ័ពស៊ីរី ដែលពួក​គេអះអាងថា មានផ្ទុកទៅ​ដោយ​អាវុធគីមី កាលពី​ថ្ងៃទី១៤ ខែមេសា៕