(វ៉ាស៊ីនតោន)៖ ដើមឈើមួយ​ដើម​ដែលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានដាំរួមគ្នា​នៅឯសេតវិមាន​ ស្រាប់តែបាន​បាត់ប្រមោលទៅដោយចម្លែកបំផុត កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមប្រព័ន្ធផ្សព្វ ផ្សាយនៅក្នុងស្រុកដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក លោក ត្រាំ និងលោក ម៉ាក្រុង បានដាំដើមឈើ​មួយដើមរួមគ្នា នៅអំឡុងពេល​នៃដំណើរទស្សនកិច្ច ​របស់លោក​ប្រធានាធិបតីបារាំងរូបនេះ មកកាន់​សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។ ប៉ុន្តែដើមឈើនេះ​ស្រាប់តែបាត់​ចេញពី កន្លែងដែលមេដឹកនាំ​ទាំងពីរបានដាំ​ ដោយមិនដឹង​មូលហេតុ​ទៅវិញ។​ ដើមឈើនេះ គឺជាអំណោយរបស់​លោក ម៉ាក្រុង ហើយវាត្រូវបាន​យកមកពី​តំបន់ បេឡូ វូដ (Belleau Wood) ស្ថិតនៅភាគឦសាន​ប្រទេសបារាំង ជាទីដែលកងទ័ព​អាមេរិក ២,០០០នាក់ បានស្លាប់​នៅអំឡុង សម័យ​សង្រ្គាមលោក​លើកទី ១។

គួរបញ្ជាក់ថា ការបាត់អំណោយ​ដើមឈើរបស់​លោក ម៉ាក្រុង កើតមានឡើង​បន្ទាប់ពី អ្នកលេងបណ្ដាញ​ទំនាក់ទំនងសង្គម​ បានយក​ដើមឈើដែល​លោក ត្រាំ និងលោក ម៉ាក្រុង ដាំរួមគ្នាទៅធៀប​ជាមួយនឹងដើម​ឈើ​ ដែលលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បាន ដាំរួមគ្នា កាលពី​សប្ដាហ៍មុន។ លើសពីនេះ​ទៅទៀត ក៏មានពាក្យ​ចចាមអារ៉ាម​ផងដែរ ជុំវិញជោគវាសនា​នៃដើមឈើមួយ​ដើមនេះ ខណៈសេតវិមាន​មិនទាន់ធ្វើ​ការពន្យល់ រីឯមន្ត្រីមិនបញ្ជាក់​អត្តសញ្ញាណម្នាក់​ មកពីវិមានប្រធានាធិបតី​បារាំង​និយាយថា វាកំពុងស្ថិត នៅក្រោមការមើលថែ និងដាក់ថ្នាំ៕