(អាមេរិក)៖ ខែលការពារ​កម្តៅ​សម្រាប់យាន​រុករក Mars Rover ជំនាន់ថ្មី​របស់ទីភ្នាក់ងារ​អវកាស NASA បានជួបប្រទះ​បញ្ហាក្នុងអំឡុង​ការ​ធ្វើ​តេស្ត​ នាពេលថ្មីៗនេះ ប៉ុន្តែវានឹងពុំប៉ះ​ពាល់ដល់​ការ​ត្រៀមលក្ខណៈ​បាញ់បង្ហោះ​​​បេសកកម្ម នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០​ឡើយ។ នេះបើ​តាមការឲ្យដឹង​ពីមន្ទីរ​ពិសោធន៍ JPL របស់ NASA ដកស្រង់​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

បញ្ហាខាងលើ គឺជាការកើត​មាន​ស្នាមប្រេះ នៅក្បែរគែម​ផ្នែកខាងក្រៅនៃប្រព័ន្ធ​ខែលការពារ​កម្តៅ​ក្នុងអំឡុង​នៃការធ្វើតេស្ត​​ នៅឯមូលដ្ឋាន​ពិសោធន៍​​ក្នុងទីក្រុង Denver ​របស់​ក្រុមហ៊ុន Lockheed Martin ដែលជា​ដៃគូសហការ​របស់ NASA ហើយការធ្វើតេស្ត​នេះមាន​គោលដៅ​​ ដាក់ប្រព័ន្ធខែល​ការពារនេះ ឲ្យតទល់នឹង​សីតុណ្ហភាពដល់ទៅ ២០ភាគរយ ខ្លាំងជាងអ្វី​ដែលវានឹងត្រូវ​ប្រឈមមុខ នៅក្នុងអំឡុង​ជ្រៀតចូល​ទៅក្នុង​​បរិយាកាស​របស់ភពអង្គារ (Mars)។​

មន្ទីរពិសោធន៍ JPL បានឲ្យដឹងថា ខណៈដែលបញ្ហា​ស្នាមប្រេះនេះ គឺគ្មាននរណា​បានរំពឹងទុកជា​មុននោះ វាបង្ហាញឲ្យឃើញ​ពីមូលហេតុថា​ ហេតុអ្វីដែល​បានឧបករណ៍​ការពារយានអវកាស ត្រូវតែឆ្លងកាត់ការធ្វើតេស្តជាមុន ដើម្បីអាចផ្តល់​ឱកាសឲ្យមាន​ការកែប្រែ​ផ្នែករចនា ហើយ​ការ​​ជួលជុល​ផ្សេងៗ អាចត្រូវអនុវត្តន៍​នៅមុនពេលចាប់​ផ្តើមបេសកកម្ម។ ជាមួយ​គ្នានេះ NASA បានឲ្យដឹងថា ខែលការពារ​បច្ចុប្បន្ននេះ នឹងត្រូវ​ជួលជុល​ឡើងវិញ ដើម្បីគាំទ្រ​ដល់ការធ្វើតេស្ត​នានា​ មុនពេលចេញ​បេសកកម្ម ហើយខែល​ការពារកម្តៅថ្មី​សន្លាងមួយ ក៏ត្រូវបានផលិត​​​ឡើងវិញ​ផងដែរ។

ប្រសិនបើអ្វីៗ​ប្រព្រឹត្តទៅតាម​ការគ្រោងទុក យានរ៉ូវើឆ្នាំ២០២០ (Mars Rover 2020) នឹងធ្វើការវាយតម្លៃ​ ទៅលើសណ្ឋានភូមិសាស្រ្ត នៃទីតាំងចុះចតរបស់វា នៅ​លើភពអង្គារ ដែល​ទីតាំងនេះ​ ​មិនទាន់ត្រូវបាន​ប្រកាសឲ្យដឹង​នៅឡើយទេ និងកំណត់​កម្រិតអាចឲ្យមនុស្ស​រស់នៅបាន នៃបរិស្ថាន​របស់ Mars ក៏ដូចជារុករកសញ្ញា​ នៃជិវិតពីអតីតកាល ហើយស្ទាបស្ទង់​មើលធនធាន​ធម្មជាតិ ព្រមទាំងកត្តា​គ្រោះថ្នាក់​ផ្សេងៗ សម្រាប់​បេស​កកម្ម​ធ្វើឡើងដោយ​មនុស្ស ដែលអាចកើតមាន​នៅលើភព​ក្រហមនេះ។

គួរជម្រាបថា បេសកកម្មយាន​រុករកថ្មីលើភពអង្គារនេះ ត្រូវបានគេគ្រោង​នឹងបញ្ជូនឲ្យទៅដល់ភព​ក្រហមនេះ នៅដើមឆ្នាំ២០២១។ យានរ៉ូវើ​ជំនាន់ថ្មីនេះ ដែលនឹងមាន​លក្ខណៈស្រដៀងទៅនឹង​យានរ៉ូវើ Curiosity ដែលកំពុងធ្វើ​ប្រតិបត្តិការ​នៅ Mars នឹងត្រូវ​បាញ់បង្ហោះ​នៅខែកក្កដា ឆ្នាំ២០២០ តាមរយៈ​គ្រាប់រ៉ុក្កែត Atlas V 541 ចេញពី​មូលដ្ឋាន Space Launch Complex 41 នៅបន្ទាយទ័ព​អាកាស​អាមេរិក ក្នុង​ជ្រោយ Cape Canaveral នៃរដ្ឋផ្លូវរីដា៕