(កាប៊ុល)៖ ករណីវាយប្រហារ​ដោយផ្ទុះគ្រាប់បែក​ផ្ទួនៗគ្នា នៅឯរដ្ឋធានី​កាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានផ្តាច់ជីវិតមនុស្សសរុប​ ២១នាក់​​ និងរបួស ២៧នាក់ផ្សេងទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន NDTV នៅរសៀល​ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

​ប្រធានផ្នែកថតរូប​របស់ ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ប្រចាំទីក្រុង​កាប៊ុល ឈ្មោះ ហ្សាហ៍ ម៉ារ៉ៃ (Shah Marai) បានបាត់បង់ជីវិតនាថ្ងៃចន្ទនេះ នៅក្នុង​​ហេតុការណ៍​បំផ្ទុះគ្រាប់បែក​លើកទីពីរ ដែលមានគោលដៅ​ទៅលើក្រុមអ្នកកាសែត​តែម្តង ដែលបាន​ប្រញាប់​ប្រញាល់ ទៅកាន់កន្លែង​វាយប្រហារ​​ ដោយផ្ទុះគ្រាប់បែក​អត្តឃាតមួយ​ផ្សេងទៀត នៅក្នុងរដ្ឋធានី​នៃប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការបញ្ជាក់​ដោយ​ផ្ទាល់ពី AFP។

ករណីបំផ្ទុះគ្រាប់បែក​លើកទីពីរនេះ បានកើតមានឡើងតែ​ប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយករណី​ទីមួយ ហើយមានគោលដៅ​វាយប្រហារទៅ​លើ​​ក្រុម​អ្នកសារព័ត៌មាន ដែលស្ថិតនៅ​កន្លែង​កើតហេតុ។ ការផ្ទុះគ្រាប់បែក​អត្តឃាតលើកទីមួយ ត្រូវបានធ្វើឡើង​ដោយ​ជនដៃ​ដល់ម្នាក់ ជិះនៅ​លើម៉ូតូ​មួយគ្រឿង ហើយបានបន្សល់​ទុកឲ្យមនុស្ស​យ៉ាងតិច ០៤នាក់ស្លាប់ និង០៥នាក់របួស។

គួរបញ្ជាក់ថា មកទល់ពេលនេះ​​មិនទាន់មាន​ក្រុមណាមួយ​ ចេញមុខទទួលខុសត្រូវ​ថា ជាទង្វើវាយប្រហារ​​របស់ខ្លួន​នៅឡើយទេ ប៉ុន្តែជារឿយៗ​សកម្មភាពវាយប្រហារ​បែបនេះ ច្រើនតែជាទង្វើបង្កឡើង​ដោយ ISIS និងតាលីបង់៕