(តែលអាវីវ)៖ ខណៈ​អំពើ​ហិង្សានៅតែ​បន្តក្តៅ​គគុក រដ្ឋាភិបាល​ប្រទេស​អ៊ីស្រាអែល​​បាន​ប្រកាសថា កងទ័ពខ្លួន​បានបាញ់សម្លាប់​ជន​ជាតិប៉ាឡេស្ទីនចំនួន០៣នាក់ទៀត ដែលបានឈាបជើង​ចូល​ ឬ​ព្យាយាមចូលមកក្នុង​ទឹកដី​របស់​អ៊ីស្រាអែល​ពីតំបន់ ហ្គាសាស្ទ្រីព (Gaza Strip)។ នេះបើ​តាមការដក​ស្រង់ និងចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

បើតាមការអះអាង​របស់កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល (IDF) ជនសង្ស័យ​ប៉ាឡេស្ទីន​ពីរនាក់ បានប៉ុនប៉ង​ចូលមកក្នុងទឹកដី​អ៊ីស្រអែល​​ ពី​ភាគ​ខាងត្បូងតំបន់ Gaza Strip និងបំផ្លិចបំផ្លាញ​រនាំង​ការពារ​សន្តិខុស ហើយ​កងកម្លាំង IDF ក៏បានសម្រេចិត្ត​បើកការបាញ់​ប្រហារ​ទៅលើ​ពួកគេតែម្តង។ ជាលទ្ធផលជនសង្ស័យម្នាក់​ក្នុងចំណោមនោះ​បានស្លាប់។ ក្រោយម​កទៀត កងកម្លាំង IDF បានបាញ់សម្លាប់​​ជនជាតិប៉ាឡេស្ទីន​ ​​០២នាក់ទៀត ដែលបានជ្រៀត​ចូលមក​អ៊ីស្រាអែល ហើយគ្រវែង​គ្រឿងផ្ទុះ​មក​លើ​កង​កម្លាំង IDF។​​

គួរជម្រាបថា នាពេល​កន្លងទៅនេះ កងទ័ព​អ៊ីស្រាអែល​បានផ្តាច់ជីវិត​ជនជាតិប៉ាឡេស្ទីនជិត ៥០នាក់ហើយ នៅឯព្រំដែន​រវាងអ៊ីស្រាអែល ​និងតំបន់ Gaza Strip ដោយក្នុងនោះ​ភាគច្រើន​ គឺជាអ្នកចូលរួមក្នុង​ការធ្វើសកម្មភាព​ប្រឆាំងតវ៉ា​ទ្រង់ទ្រាយធំៗ ដែលគេឲ្យ​ឈ្មោះថា Great March of Return។ អ៊ីស្រាអែល បានបកស្រាយ​ពីទង្វើរបស់​ខ្លួនថា គឺជាភាពចាំបាច់​ដើម្បីការពារ​ព្រំដែន​៕