(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិកថ្មី លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានឱ្យដឹងថា លោកបានប្រា​ប់លោក គីម ជុងអ៊ុន ថា មេដឹកនាំកូរ៉េខាងជើង​រូបនេះ គួរតែបង្ហាញ​ពីឱ្យបានច្បាស់​ពីការប្ដេជ្ញាចិត្ត​ ដើរលើផ្លូវមិនអាច​ផ្លាស់ប្ដូរ ក្នុងការបិទ​បញ្ចប់កម្មវិធី​អាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចព្រមព្រៀង​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយស្ថានីយ៍​ទូរទស្សន៍ ABC News កាលពី​ថ្ងៃអាទិត្យ លោក Pompeo បាន​គូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានប្រើពាក្យ មិនអាចផ្លាស់ប្ដូរបាន ជាមួយគោល​បំណង​ដ៏អស្ចារ្យ... ហើយយើង​កំពុងឆ្ពោះទៅរកផ្លូវ​ដែលបង្ហាញថា ការរំសាយ អាវុធ​នុយក្លេអ៊ែរ​នឹងទទួលបាន​ផល»។ ការអត្ថាធិប្បាយ​បែបនេះ​របស់​អតីតនាយក CIA ដែលទើបត្រូវ​បានព្រឹទ្ធសភា​អាមេរិកទទួលស្គាល់ ជា​រដ្ឋមន្ត្រីការបរទេសថ្មី​​កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុននេះ ធ្វើឡើង​បន្ទាប់ពីលោក​បានជួបពិភាក្សា​ការងារ​ ជាមួយលោក គីម ជុងអ៊ុន ក្នុងទីក្រុង​ព្យុងយ៉ាង​នាពេលថ្មីៗកន្លងទៅនេះ​មុនជំនួប មូន-គីម រៀបចំឡើង។

តែទោះជា​យ៉ាងនេះ​ក្ដី លោក Pompeo នៅតែមាន​ការប្រុងប្រយ័ត្ន ក៏ដូចជាព្រមាន​ផងដែរពីប្រវត្តិច្រំ​ដែល ដែលកូរ៉េខាងជើង​ធ្លាប់ បានបោះបង់​ចោលការសន្យា​របស់ខ្លួន។ បើតាមប្រធានា​ធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ជំនួបជា​មួយ​លោក គីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើងនៅ០៣ ឬ០៤សប្ដាហ៍​ខាងមុខទៀតនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយ​អាមេរិករាយការណ៍ថា ជំនួបនេះអាច នឹងប្រព្រឹត្តទៅនៅ​ត្រឹមពាក់​កណ្ដាលខែឧសភា​ ខាងមុខនេះ៕