(អ៊ីស្លាម៉ាបាដ)៖ អាជ្ញាធរក្នុងរដ្ឋធានី​អ៊ីស្លាម៉ាបាដ នៃប្រទេស​ប៉ាគីស្ថាន​បានឲ្យដឹង​នាព្រឹកថ្ងៃចន្ទ​នេះថា មន្រ្តីទូត​​អាមេរិកម្នាក់​ត្រូវបាន​ឃាត់​ខ្លួន បន្ទាប់ពី​រថយន្តរបស់​លោក បានជ្រុលទៅបុក​ម៉ូតូបណ្តាញឲ្យមនុស្ស​ពីរនាក់​ឲ្យរង​របួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

ជនរងគ្រោះ​ទាំងពីរ ដែលត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ គឺពុំរងការ​គំរាមកំហែងដល់​អាយុជីវិតឡើយ។ បើតាម​សេចក្តីរាយការណ៍​ព័ត៌​មាន មន្រ្តីទូតអាមេរិក​លោក ឆាដ រ៉ិច អូសប៊ឺន (Chad Rex Ausburn) កំពុងតែបើក​រថយន្តម៉ាក Toyota នៅលើដងផ្លូវ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ ហើយស្រាប់តែរថយន្តរបស់​លោក បានជ្រុលទៅបុកមនុស្ស​​ពីរនាក់ ដែលកំពុងធ្វើដំណើរ​ដោយម៉ូតូ បណ្តាលឲ្យ​រងរបួស​តែម្តង។​

គួរជម្រាបថា លោក Chad Rex Ausburn ត្រូវបានប៉ូលិស​ប៉ាគីស្ថាន ឃាត់ខ្លួនយក​ទៅកាន់ប៉ុស្តិ៍ប៉ូលិសមួយ​កន្លែង ហើយ​នឹង​ត្រូវ​ដោះ​​លែង​វិញ ​ក្រោយពីក្រសួង​ការបរទេស​ប៉ាគីស្ថាន បានបញ្ជាក់ឲ្យ​បានច្បាស់បន្ថែម​ពីតួនាទីរបស់​មន្រ្តីទូត​រូបនេះ។ ហេតុការណ៍​ខាងលើ គឺ​ជា​លើកទីពីរហើយ​នៅក្នុង​ខែមេសា ដែលមន្រ្តី​ទូតអាមេរិក បានជាប់ពាក់ព័ន្ធ​ក្នុងករណីគ្រោះ​ថ្នាក់ចរាចណ៍ នៅ​ទីក្រុងអ៊ីស្លាម៉ាបាដ៕