(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង KCNA​ នៅ​ថ្ងៃចន្ទនេះ​បាន​រាយការណ៍ថា សភាប្រជាជន​កូរ៉េខាងជើង​បាន​អនុម័តក្រឹត្យ មួយ​ស្ដីពីការប្ដូរម៉ោង​ក្នុងតំបន់របស់ខ្លួន​ ឱ្យដូចគ្នាជាមួយកូរ៉េខាងត្បូង​ជាថ្មីឡើង​វិញ ដោយចាប់​ផ្ដើមឡើង​នៅថ្ងៃទី០៥ ខែឧសភា ខាង​មុខនេះ ដើម្បី ចូលរួម​លើកកម្ពស់​ការផ្សះផ្សា និងឯកភាព​រវាងប្រទេស​ទាំងពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

ការសម្រេចចិត្ត​របស់​កូរ៉េខាងជើង កើតមានឡើង​បន្ទាប់ពី​លោក គីម ជុងអ៊ុន បានលើក​ឡើងពីសំណើ​ដ៏គួរឱ្យភ្ញាក់ផ្អើល​ជុំវិញការប្ដូរ ម៉ោងតំបន់​ឱ្យត្រូវគ្នាជាមួយ​កូរ៉េខាងត្បូង​វិញ នៅអំឡុងកិច្ច​ប្រជុំកំពូលអន្តរកូរ៉េ​ជាមួយលោក មូន ជែអ៊ីន កាលពី​ថ្ងៃសុក្រសប្ដាហ៍​មុន។

ថ្លែងនៅក្នុង​បទអត្ថាធិប្បាយ​របស់ខ្លួន KCNA បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «សភាប្រជាជនកូរ៉េខាងជើង​បានអះអាងថា ការសម្រេចចិត្ត​ប្ដូរម៉ោងឱ្យ​ត្រូវគ្នានឹងទីក្រុង​សេអ៊ូល គឺជាការអនុវត្ត​ដំណាក់កាលដំបូង​សម្រាប់ការផ្សះផ្សា និងឯកភាព​រវាងកូរ៉េទាំងពីរ... ហើយ​លើស​ពីនេះទៅ​ទៀត លោក គីម ជុងអ៊ុន យល់ថា វាគឺជារឿងឈឺចាប់​ដែលទីក្រុង​ព្យុងយ៉ាង និងទីក្រុងសេអ៊ូល​មានម៉ោង​ខុសគ្នា ដូច្នេះលោកស្នើឱ្យ​កូរ៉េខាងត្បូង និងកូរ៉េខាងជើង​មាន​ម៉ោងដូចគ្នា មុននឹងធ្វើអ្វី​មួយផ្សេងៗ​ទៀត»

គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៥ កូរ៉េខាងជើង​​បានសម្រេចិត្តប្ដូរ​ម៉ោង​យឺតជាង​​កូរ៉េខាងត្បូង ៣០នាទី ពោលគឺជា​ពីដំបូងឡើយ ម៉ោងរវាងប្រទេស​ទាំងពីរ គឺស្ថិតនៅក្នុងល្វែងម៉ោងដូចគ្នា​ (លើសម៉ោងសកលោក ៩ម៉ោង)។ ប៉ុន្តែ​ដើម្បីលុបចេញ​នូវមរតកបន្សល់​ទុកពីអាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) នៅលើ​ឧបទ្វីបកូរ៉េ ទើបកូរ៉េខាងជើងកាលណោះ បាន​ប្ដូរល្វែងម៉ោងយឺត​ជាងកូរ៉េខាងត្បូង​ ៣០នាទី​វិញគឺ (លើសម៉ោងសកល ៨៖៣០នាទី) វិញ៕​