(សេអ៊ូល)៖ កូរ៉េខាងត្បូង​នឹងដកចេញឧបករណ៍​បំពងសំឡេង​ រិះគន់កូរ៉េខាងជើង ដែលត្រូវបាន​តម្លើងនៅឯតំបន់​ព្រំដែន​ជាផ្នែកមួយ នៃការអនុវត្ត​តាមកិច្ចព្រមព្រៀង​ នៃជំនួប​កំពូលអន្តរកូរ៉េ​កាលពី​សប្ដាហ៍មុន។ នេះបើតាម​យោធា​កូរ៉េខាងត្បូង​ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

ថ្លែង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ក្រសួងការពារជាតិ​កូរ៉េខាងត្បូងឱ្យ​ដឹងទៀតថា ឧបករណ៍បំពង​សំឡេងរិះគន់​កូរ៉េខាងជើង​ នឹងត្រូវ​ដកចេញពីតំបន់​ព្រំដែន​គ្មានយោធា នៅថ្ងៃអង្គារ​សប្ដាហ៍នេះ។ កាលពីសុក្រ​សប្ដាហ៍មុន ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នា​ថា នឹងបញ្ឈប់រាល់សកម្មភាព​ប្រឈមមុខ​ដាក់គ្នាទៅវិញ​ទៅមក លើ​គ្រប់វិស័យ​ទាំងអស់។

លើសពីនេះ​ទៅទៀត មេដឹកនាំទាំងពីរ​ក៏បានឯកភាពគ្នា​ដែរថា នឹងបញ្ឈប់រាល់​សកម្មភាពអរិភាព ព្រមទាំងលុបចោល​នូវមធ្យោបាយ រិះគន់គ្នាក្នុងនោះមានដូចជា ការដកឧបករណ៍​បំពងសម្លេង និងការបង្ហោះខិតប័ណ្ណរិះគន់គ្នា នៅតាម​តំបន់ខែ្សបន្ទាត់​ព្រំដែនរវាង​ប្រទេសទំាង​ពីរ​ជាដើម។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ប្រតិភូជាន់ខុ្ពស់កូរ៉េខាងជើង ដឹកនាំផ្ទាល់​ដោយ លោក គីម ជុងអ៊ុន បានឆ្លងកាន់ព្រំដែនរួមកូរ៉េទាំងពីរ ចូលទៅក្នុងទឹកដីកូរ៉េខាងត្បូង​ជាលើកដំបូង និងប្រវត្តិសាស្ត្រ ហើយបងប្អូនកូរ៉េទាំងពីរបានធ្វើការពិភាក្សាគ្នា ព្រមទាំង​ចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាជាច្រើន ដោយក្នុងនោះមានទាំងការ​សន្យា​លុប​បំបាត់អាវុធនុយក្លេអ៊ែរ, គំរោងបំពេញទស្សនកិច្ចរវាងមេដឹកនាំកូរ៉េទាំងពីរទៅវិញទៅមក បន្ថែមទៀត និងការស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព ជាអចិន្ត្រៃយ៍​នៅឧបទ្វីបកូរ៉េតែម្តង៕