(​ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ​បាននិយាយថា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី នឹងបំពេញដំណើរ​ទស្សនកិច្ច ទៅកាន់ប្រទេស​កូរ៉េខាងជើង​នៅក្នុងសប្ដាហ៍នេះ មុននឹងកិច្ចប្រជុំ​ជាប្រវត្តិសាស្ត្រ​រវាងកូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​ត្រូវធ្វើ​ឡើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

យោងតាមក្រសួង​ការបរទេសចិន ដំណើរទស្សនកិច្ច​របស់លោក វ៉ាង យី នឹងត្រូវចាប់ផ្ដើមធ្វើ​ឡើងពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។ «ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី​ការបរទេស លោក វ៉ាង យី នឹងបំពេញទស្សនកិច្ច​ទៅកាន់ទីក្រុងព្យុងយ៉ាង តបតាមការ​អញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក រី យ៉ុងហូ»។ នេះបើតាមការ​បញ្ជាក់ពីអ្នកនាំ​ពាក្យក្រសួង​ការបរទេស​ចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ប្រតិភូជាន់ខុ្ពស់កូរ៉េខាងជើង ដឹកនាំផ្ទាល់​ដោយ លោក គីម ជុងអ៊ុន បានឆ្លងកាន់ព្រំដែនរួមកូរ៉េទាំងពីរ ចូលទៅក្នុងទឹកដីកូរ៉េខាងត្បូង​ជាលើកដំបូង និងប្រវត្តិសាស្ត្រ ហើយបងប្អូនកូរ៉េទាំងពីរបានធ្វើការពិភាក្សាគ្នា ព្រមទាំង​ចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាជាច្រើន ដោយក្នុងនោះមានទាំងការ​សន្យា​លុប​បំបាត់អាវុធនុយក្លេអ៊ែរ, គំរោងបំពេញទស្សនកិច្ចរវាងមេដឹកនាំកូរ៉េទាំងពីរទៅវិញទៅមក បន្ថែមទៀត និងការស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព ជាអចិន្ត្រៃយ៍​នៅឧបទ្វីបកូរ៉េតែម្តង៕