(វ៉ាស៊ីនតោន)៖ សារព័ត៌មានអន្តរជាតិធំៗ​បានងាកទៅចាប់អារម្មណ៍ខ្លាំង ចំពោះទស្សនកិច្ច​របស់ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង និងអធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល នៅថ្ងៃបន្ទាប់ក្នុងទឹកដីមហាអំណាចលេខ ១ នៅលើសកលលោក គឺសហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

សម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ គឺត្រឹមត្រូវហើយ ប៉ុន្តែសម្រាប់ចិត្តគឺអាចកាត់ដាច់បាន មិនដូចទឹកនោះឡើយ ដោយពេលនេះ​សំណូមពរ​របស់ លោកស្រី មឺគែល ដ៏ធំមួយដែល​បានបៀមទុក​ក្នុងចិត្ត​ជាយូរណាស់មក​ហើយ ទើបវេចស្ពាយមកស្នើសុំលោក ដូណាល់ ត្រាំ ដល់ផ្ទះនោះ ត្រូវបានទទួល​ការបដិសេធតែម្តង ចេញពីមាត់មេដឹកនាំ​អាមេរិករូបនេះ។

វាមិនមែនជា​រឿងថ្មីនោះទេ សម្រាប់​បញ្ហាអ៊ីរ៉ង់ និងពាក្យមួយ​ឃ្លាថា «អាមេរិកនាំមុខ ឬ ប្រយោជន៍​អាមេរិកជាធំ» ដែលភាសាអង់គ្លេស​ហៅថា America First នោះ។ ប៉ុន្តែក្នុងនាម​ជាសម្ព័ន្ធមិត្ត និងមានអារម្មណ៍សោកស្តាយ ​ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែលលោកស្រីជា​អ្នក​ជួយឲ្យសម្រេច​ទៅបាន​ កាលពីឆ្នាំ២០១៥ ជាមួយបណ្តាប្រទេស​មហាអំណាចធំៗ​ផ្សេង​ទៀតនោះ កិច្ចព្រមព្រៀងនេះមិនគួរត្រូវបាន​រំសាយចោល​ ក្នុងសម័យកាលដឹកនាំរបស់​លោក ដូណាល់ ត្រាំ នោះឡើយ។

ហេតុដូច្នេះទើប​លោកស្រី មឺគែល ធ្វើដំណើរយ៉ាងតក់​ក្រហលមកកាន់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយ​បញ្ហាជាច្រើន ដោយស្នើអាមេរិក​កុំលុបចោលកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ និងលើកលែង​ការតម្លើងថ្លៃពន្ធ​លើទំនិញមួយចំនួន មកលើ​អាល្លឺម៉ង់ ដូចដែល​លោក ត្រាំ បានប្រកាស​ចេញតាំងតែ​ពីខែមុន។

សម្រាប់លោក ដូណាល់ ត្រាំ អង្គការ NATO បានក្លាយជាប្រធានបទ​ពិសេស នៃការ​ចំណាយរបស់​សហរដ្ឋអាមេរិក ហើយលោកធ្លាប់បាន​ទាមទារឲ្យបណ្តា​ប្រទេស​ជាសមាជិក នៃអង្គការដ៏​មានអំណាចនេះ ជួយចេញថ្លៃ​ទ្រទ្រង់ផង មិនមែនដាក់​បន្ទុកតែលើ​សហរដ្ឋអាមេរិក​នោះ​ទេ។ ការលើក​​ឡើងនោះ គឺលោកចង់​​សំដៅ​ជាពិសេស​ទៅលើអាល្លឺម៉ង់ ដែលជាប្រទេស​ដើរតួយ៉ាងសំខាន់មួយ មានប្រជាជនច្រើន និងមានសេដ្ឋកិច្ច​លូតលាស់ខ្លាំង លំដាប់ទី ៤ នៅលើសកលលោក ដែលគួរតែដើរ​តួនាទីសំខាន់​ជាង​នេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍​នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយលោក ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចជាមួយ​លោកស្រី មឺគែល ក្នុងសេតវិមាន​នៅថ្ងៃសុក្រនេះ (ពេលវេលា​នៅវ៉ាស៊ីនតោន) លោកបាន​បញ្ជាក់ថា «យើងកំពុងតែ​ការពារអឺរ៉ុបរួចទៅហើយ, យើងចំណាយ​ជាយូរយា និងច្រើនជាង​នរណាៗទាំងអស់។ អង្គការ NATO ពិតជាអស្ចារ្យ ប៉ុន្តែវា (NATO) ជួយអឺរ៉ុប​ច្រើនជាង​ជួយយើង។ ដូច្នេះតើយើង​កំពុងតែចំណាយច្រើន​សន្ធឹកសន្ធាប់ ជាងតម្លៃដែល​យើងទទួលបាន​មកវិញឬ?»

ជាការឆ្លើយតប​​លោកស្រី មឺគែល បានសង្កត់ធ្ងន់ថា «អាល្លឺម៉ង់​នឹងបន្តផ្តល់ប្រាក់ ១.៣ភាគរយ នៃប្រាក់ចំណូល​ក្នុងស្រុកសរុប (GDP) សម្រាប់​វិស័យ​ការពារនេះ​នៅ​ឆ្នាំ២០១៩ ហើយវាបាន​កើត​ឡើង​ជា​បន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មាន​​ឆ្នាំចុងក្រោយនេះ​ទៅហើយ។ យើងមិន​ទាន់​ឈាន​ដល់ចំណុច ដែលយើង​ចង់​បានទេ ប៉ុន្តែយើងទៅជិត​ដល់ចំណុច​នោះ​ហើយ... ដែលយើងត្រូវ​​បង្កើតវាសម្រាប់​​ខ្លួនឯង»

ពាក្យដ៏កម្រចេញពីមាត់លោកស្រី មឺគែល ដែលត្រូវបានគេមើលថា ជាការក្រើករំលឹកលោក ត្រាំ ចំៗតែម្តងនោះគឺ «យើងនៅក្នុងទ្វីបអឺរ៉ុប តែយើងត្រូវ​យកជោគវាសនា​របស់អ្នក មកដាក់លើដី​របស់យើងផ្ទាល់»

ងាកទៅកាន់​បញ្ហាអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បាន​អះអាងថា «អ៊ីរ៉ង់មិនទាន់​ទៅកៀក​ការផលិតអាវុធ​នុយក្លេអ៊ែរផង ឬមួយក៏ទទួល​បានផលប្រយោជន៍​អ្វី ពីភាពជោគជ័យ របស់​សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា​នោះឡើយ»។ ការលើកឡើងនេះ​មានន័យថា លោកប្រកាន់ជំហររបស់​រដ្ឋបាល​លោកដដែល ក្នុងការ​ដកខ្លួនពីកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោក​ធ្លាប់បានអះអាងថា ជាកំហុស​ដ៏ធំមួយ និងមិនគួរឲ្យកើតឡើង។

សរុបសេចក្តីមក អ្នកវិភាគបាន​លើកឡើងថា លោក ដូណាល់ ត្រាំ បង្ហាញភាព​រាក់ទាក់ និងស្វាគមន៍​ខ្លាំងដាក់ លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង ប៉ុន្តែលោក​ក៏មិនភ្លេចបង្ហាញភាពរាក់ទាក់​យ៉ាងកក់ក្តៅ​​ដាក់លោកស្រី មឺគែល នោះដែរ គ្រាន់តែ​សំណូមពរ​ដែលលោកស្រី មឺគែល លើកឡើង គឺផ្ទុយនឹងនយោបាយ​ដែលលោក​បានដាក់ចេញ ដូច្នេះភាព​បរាជ័យបានកើតមាន នៅក្នុងទស្សនកិច្ច​លោកស្រី​នៅអាមេរិក៕