(គូឡាឡាំពួរ)៖ ទីបំផុតយុទ្ធនាការ​​ឃោសនាបោះឆ្នោត​​នៅម៉ាឡេស៊ី បានចាប់ផ្តើមជាផ្លូវការ​ហើយ គិតចាប់​តាំងពី​​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ នេះតទៅ ដោយមាន​រយៈ​ពេល ១១ថ្ងៃ ខណៈថ្ងៃបោះឆ្នោត គឺនឹងត្រូវធ្វើឡើង​នៅថ្ងៃទី០៩ ខែឧសភា ខាងមុខនេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

សម្រាប់រឿងរ៉ាវដ៏គួរឲ្យចាប់​អារម្មណ៍នាអាណត្តិ​ថ្មីខាងមុខនេះ គឺនាយក​រដ្ឋ​មន្ត្រី​បច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ ក៏បានចុះឈ្មោះ​ចូលរួមប្រកួត​ប្រជែង ដើម្បីដណ្តើមតំណែង​នាយករដ្ឋមន្ត្រី​អាណត្តិថ្មីផងដែរ ព្រមជាមួយនឹង​អតីតនាយក​រដ្ឋមន្ត្រីលោក មហាធា មហាម៉ាដ (Mahathir Mohamad) ដែលមាន​វ័យជាង ៩០ឆ្នាំទៅហើយ ក៏បានចុះឈ្មោះ​ជាបេក្ខជន​នាយករដ្ឋមន្ត្រីដូចគ្នា ដើម្បីប្រកួត​ប្រជែងក្នុង​នាមជាប្រធាន​បក្សប្រឆាំងធំបំផុត​នៅប្រទេសអាស៊ាន​មួយនេះ។

ដោយសារតែ​យុទ្ធនាការខាងលើនេះហើយ ទើបបាន​ជាលោក ណាជីប រ៉ាហ្សាក់ បានលុប​ចោលដំណើរ​ទៅចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន ដែលប្រារព្ធ​ឡើងនៅ​សិង្ហបុរី។ នេះគឺជាលើក​ដំបូងបំផុត ដែលមានម៉ាឡេស៊ី​រៀបចំការបោះឆ្នោត​​មិនមែនចំ​ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ក្នុងរយៈពេល ២០ឆ្នាំ មកនេះ ខណៈការបោះឆ្នោត​​បែបនេះ​​លើកចុងក្រោយ ត្រូវបានធ្វើ​ឡើងកាលពី​ឆ្នាំ១៩៩៩។ ម្យ៉ាងវិញ​ទៀត ការរៀបចំ​​ការបោះឆ្នោត​នេះទៀតសោត នឹងត្រូវធ្វើឡើង​​បន្ទាប់នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ដែលកំពុងជាប់​ក្នុងរឿងអាស្រូវ​ពុករលួយ ប្រកាស​​រំលាយសភា កាលពីថ្ងៃទី០៦ ខែមេសា៕