(ស៊ីដនី)៖ អូស្រ្តាលីនឹង​បញ្ជូនយន្តហោះយោធា​ល្បាតមួយ​គ្រឿង ដើម្បីឲ្យតាមឃ្លាំមើល​​ក្រុមកប៉ាល់​​របស់កូរ៉េខាងជើង ដែលត្រូវ​គេសង្ស័យថា បានលួចធ្វើ​ការជួញដូរទំនិញ​ត្រូវបាន​ហាមឃាត់ ដែលវាល្មើស​ទៅនឹង​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​​របស់អង្គការ​សហប្រជាជាតិ។ នេះបើ​តាមសម្តី​របស់រដ្ឋមន្រ្តីការពារជាតិ​អូស្រ្តាលី​ លោកស្រី ម៉ារៃស៍ ផេយណេ (Marise Payne) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយលោកស្រី Payne បាន​និយាយថា អូស្រ្តាលីនឹង​ចល័តយន្តហោះ​ល្បាត​ដែន​សមុទ្រធុន P-8A Poseidon ទៅកាន់​ប្រទេសជប៉ុន ដើម្បីចូលរួមចំណែកក្នុងការអនុវត្តន៍​ និងរឹត​បន្តឹង​សេចក្តី​សម្រេច​របស់​ ក្រុម​ប្រឹក្សាសន្តិសុខ​ នៃអង្គការ​សហប្រជាជាតិ នៅ​​ក្នុងតំបន់​ប៉ាស៊ីហ្វិក ហើយទង្វើនេះ​គាំទ្រដល់យុទ្ធនាការ​អន្តរជាតិ ដែលសំដៅ​ដោះ​ស្រាយរឿង​ធ្វើពាណិជ្ជកម្ម​ខុសច្បាប់ និង​បណ្តាញ​​ពាក់ព័ន្ធនានា​របស់​កូរ៉េខាងជើង។

គួរជម្រាបថា សេចក្តីប្រកាស​ខាងលើនេះ ត្រូវបានធ្វើឡើង​នៅមួយថ្ងៃក្រោយ​ពីមេដឹកនាំកូរ៉េខាងជើង​ និងកូរ៉េខាងត្បូង បានសន្យានៅឯ​កិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្រ្ត​អន្តរកូរ៉េ កាលពីម្សិលមិញថា នឹងធ្វើការជា​មួយដើម្បីសម្រេចឲ្យ​បាននូវការលុបបំបាត់​ចោលទាំងស្រុង​នៃ​អាវុធនុយក្លេអ៊ែរ​ពីឧបទ្វីបកូរ៉េ៕