(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA ត្រូវគេ​រាយការណ៍​ថា បានសម្រេច​លុបចោល​បេសកកម្ម​មួយ ដែលមានគោលដៅ​វាយតម្លៃទៅ​លើ​ធនធាន ដែលអាច​​ប្រើប្រាស់ដោយ​​មនុស្សនៅ​លើឋានព្រះច័ន្ទបាន ខណៈ​រដ្ឋបាល​​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ កំពុងផ្តោត​​​សំខាន់​ទៅ​លើ​​ការ​បញ្ជូនអវកាស​យានិក​ត្រឡប់ទៅកាន់ទីនោះ​ជាថ្មី​ម្តងទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅ​រសៀល​​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

​បើតាមសេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Verge ដែលដកស្រង់​ដោយវែបសាយ Space.com បេសកកម្ម Resource Prospector មានគោលដៅ​បញ្ជូនយានរុករក (Rover) ទៅកាន់តំបន់​ប៉ូល​​របស់​ព្រះច័ន្ទ ដើម្បីសិក្សា​ពីស្ថានភាពទឹក និងធនធាន​អាចប្រើប្រាស់​បានដទៃ​ទៀត ដែលស្ថិតនៅលើ ឬនៅខាងក្រោមផ្ទៃរបស់ព្រះច័ន្ទ។

ជុំវិញរឿងនេះ អ្នកវិទ្យាសាស្រ្ត​បានផ្ញើលិខិតចំហ​មួយទៅកាន់ ប្រធានទើប​ត្រូវតែងតាំងថ្មី​របស់អង្គការ NASA គឺលោក Jim Bridenstine ​​ដោយ​ទទូចកុំឲ្យ​លោកបិទ​បេសកកម្ម​ ដែលទាក់ទិននឹងឋានព្រះច័ន្ទតែ​មួយគត់ នាពេល​បច្ចុប្បន្ន​របស់ទីភ្នាក់ងារ​អវកាស​នេះឡើយ ហើយ​ម៉្យាង​វិញទៀតនោះ វាបានបន្ត​ស្ថិតក្រោមការ​អភិវឌ្ឍអស់រយៈពេល​ប្រមាណជា ០៤ឆ្នាំមកហើយ។

​បេសកកម្មខាងលើ រួមមាននូវយានចុះចត (Lander) មួយគ្រឿង និងយានរុករក (Rover​) មួយគ្រឿង​ទៀត ដែលដើរដោយថាមពល​ព្រះ​អាទិត្យ មានបំពាក់នូវម៉ាស៊ីនខួង ដែលនឹងធ្វើការស្គែនផ្ទៃរបស់ព្រះច័ន្ទហើយខួងជីកយកដីរបស់វា សម្រាប់ការធ្វើពិសោធន៍។​ អ្នកវិទ្យា​សាស្រ្តដឹងថា នៅឋានព្រះច័ន្ទ​គឺមានវត្តមានទឹកប៉ុន្តែក្នុងទម្រង់កក ហើយបេសកកម្ម Resource Prospector មានតួនាទីផ្តល់ឲ្យ​ពួកគេ​នូវ​ការយល់ដឹងកាន់តែពេញលេញជាងមុនអំពីធនធាននេះ។

ដោយឡែក ការសម្រេច​លុបចោល​បេសកកម្ម Resource Prospector បែបនេះ មើលទៅហាក់​ដូចជាចម្លែក ដោយសម្អាង​​លើគម្រោង​របស់​​រដ្ឋបាលអាមេរិក​នាពេលបច្ចុប្បន្ន​សម្រាប់អង្គការ NASA។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាដដែលៗ​បានស្នើឲ្យ NASA ធ្វើយ៉ាង​ណា​បញ្ជូន​មនុស្សទៅកាន់​ឋានព្រះច័ន្ទ​សាជាថ្មីម្តងទៀត ហើយថែម​ទាំងបានចេញ​សារាចរណ៍អវកាស ដោយបង្គាប់ឲ្យ​ទីភ្នាក់ងារអវកាស​​អា​មេ​រិក​ នាំយកក្រុមអវកាស​យានិក​​ឲ្យទៅដល់ព្រះច័ន្ទ នៅមុនបេសកកម្ម​បញ្ជូន​មនុស្សទៅកាន់​ភពព្រះអង្គារ និងទីកន្លែង​ឆ្ងាយៗផ្សេង​ទៀត​ផង​ដែរ។

គិតមកទល់ពេលនេះ ពុំមានបេសកកម្មណា​មួយផ្សេងទៀត​របស់អង្គការ NASA ដែល​កំពុងត្រូវរៀបចំឡើង​​​ដើម្បីធ្វើដំណើរទៅកាន់​ផ្ទៃ​របស់​ឋាន​ព្រះច័ន្ទឡើយ គឺ​មានតែ​​គម្រោងនៃការបង្កើត​ស្ថានីយ​អវកាសមួយ នៅក្បែរគន្លង​របស់វា​ប៉ុណ្ណោះ៕