(ញូយ៉ក)៖ ​ក្រុមហ៊ុន​​អាកាសចរណ៍អាមេរិក Southwest Airlines ត្រូវបានអ្នកដំណើរ​ម្នាក់ដាក់ពាក្យ​បណ្តឹង ដោយម្នាក់នោះ​បានធ្វើដំណើរ​នៅ​លើជើងហោះ​ហើរលេខ ១៣៨០​ របស់អាកាសចរណ៍មួយនេះ​ កាលពីសប្តាហ៍មុន ខណៈដែលយន្តហោះ​ដឹកអ្នកដំណើរនោះ​ បានផ្ទុះម៉ាស៊ីន​​មួយ​​ចំហៀង​ ហើយ​ធ្វើឲ្យ​មនុស្សម្នាក់​ស្លាប់។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

ពាក្យបណ្តឹង​ខាងលើ ដែលត្រូវបានដាក់ជូន​ទៅកាន់តុលាការ​សង្កាត់ភាគខាងលិចនៃរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) បានអះអាងថា ​ចាប់​តាំង​តែ​​ពេល​ឧប្បដិហេតុ​​លើ​ផ្ទៃ​អាកាស​នោះ​បានកើត​ឡើងមក ​អ្នក​ដំណើរ​​​ដែល​ជា​ដើមបណ្តឹង​​មានឈ្មោះថា លីលា ឆាវែស (Lilia Chavez) បាន​ធ្លាក់ខ្លួនមានជំងឺរន្ធត់​​ផ្លូវ​ចិត្ត​ជា​ខ្លាំង ហើយតែងតែ​ភ័យអន្ទះអន្ទែង ក៏ដូចជាកើត​ទុក្ខសោកដៅ និងទទួលរងរបួសផ្ទាល់​ដទៃទៀត។

គួរជម្រាបថា ក្រុមហ៊ុន​អាកាសចរណ៍ Southwest បានទទួលការរិះ​គន់ជាខ្លាំង ជាពិសេសនៅក្នុង​អំឡុងពេល​ប៉ុន្មានថ្ងៃ ក្រោយពីម៉ាស៊ីន​​ប្រភេទ CFM56-7B នៅស្លាបមួយ​ចំហៀងរបស់​​យន្តហោះ Boeing 737-700 របស់ខ្លួន​បានផ្ទុះ នៅក្នុងជើងហោះហើរ​កាលពីថ្ងៃទី១៧ ខែមេសា ដែលបាន​ធ្វើឲ្យបែកកញ្ចក់បង្អួច រហូតឈានធ្វើឲ្យ​អ្នកដំណើរតែម្នាក់ប៉ុណ្ណោះឈ្មោះ ជែននីហ្វឺ រីយ៉ូដាន (Jennifer Riordan) ដែលអង្គុយ​នៅជាប់នោះ និងស្ថិតក្នុង​ចំណោម​មនុស្សទាំងអស់ ១៤៩នាក់ នៅលើយន្តហោះ បានបាត់​បង់​ជីវិត៕