(យូអិន)៖ សមាជិក​នៃក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) បាន​ចាកចេញ​ទៅបំពេញទស្សនកិច្ច​ នៅជុំរុំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែលបាន​រត់គេចចេញ​ពីអំពើហិង្សា នៅភាគខាងលិចមីយ៉ាន់ម៉ា ទៅជ្រក​កោណបណ្តោះអាសន្ន នៅព្រំដែន​បង់ក្លាដែស ហើយកើនឡើងចំនួន​ដល់ខ្ទង់​លាននាក់​​។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន​ ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

មន្ត្រីនៃក្រុមប្រឹក្សា​សន្តិសុខ UN បានធ្វើការឈប់ប្តូរ​ជើងហោះហើរ នៅប្រទេស​គុយវ៉េត មុននឹងបន្តទៅកាន់​ប្រទេស​បង់ក្លាដែស ហើយបន្ទាប់មក​ទៀតពួកគេនឹងធ្វើ​ដំណើរទៅ​ជំរុំ​ជនភៀសខ្លួន​នៃតំបន់ Bazar ព្រមទាំងបំពេញ​ទស្សនកិច្ចនៅរដ្ឋធានី​ដាកាផងដែរ នៅអំឡុងចុង​សប្តាហ៍នេះ។ ក្រោយពីបញ្ចប់កិច្ចការនៅ​បង់ក្លាដែស មន្ត្រីខាងលើ​នេះនឹង​បន្តដំណើរ​ទៅកាន់ប្រទេស​មីយ៉ាន់ម៉ា​បន្ថែមទៀត ដើម្បីស្វែងយល់​ស្ថានភាព​ទាំងសងខាង។

លោក Stephane Dujarric អ្នកនាំពាក្យ​អគ្គលេខាធិការ UN បានឲ្យដឹងថា មន្ត្រីទាំងអស់​បានចេញទៅបំពេញ​ទស្សនកិច្ចខាងលើ បន្ទាប់ពីទទួល​បានរបាយការណ៍​អំពីការិយាល័យ​សម្របសម្រួល​កិច្ចការមនុស្សធម៌​របស់ UN ថាជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ា កំពុងស្នាក់នៅ​ប្រទេស​បង់ក្លាដែស បានកើន​ឡើងដល់ ១លាននាក់ហើយ ដោយ​ក្នុងនោះជាង ៦៧០,០០០នាក់ បានសម្រុកទៅទីនោះ គិតចាប់​តាំងពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ជាពេល​ដែល​អំពើ​ហិង្សានៅមីយ៉ាន់ម៉ា​ភាគខាងលិច ផ្ទុះឡើង​ក្នុងទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា ទស្សនកិច្ច​ខាងលើនេះ គឺធ្វើឡើងដើម្បីស្វែងរក​វិធីដោះស្រាយ​បញ្ហាជនជាតិ​រ៉ូហ៊ីងយ៉ា និងត្រួសត្រាយ​ផ្លូវសម្រាប់ការធ្វើមាតុ​ភូមិនិវត្តន៍​ពួកទៅកាន់​មីយ៉ាន់ម៉ាវិញ នៃជនភៀសខ្លួន​ឲ្យបានតាម​តំណាក់​កាល ដែលជា​ការព្រមព្រៀងគ្នា​រវាងរដ្ឋាភិបាល​បង់ក្លាដែស និង​មីយ៉ាន់ម៉ា ក្រោមការឃ្លាំមើល និងជួយជ្រោមជ្រែង​ពីសហគមន៍​អន្តរជាតិ៕