(វូហាន)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បានថ្លែងក្នុងជំនួបជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិដ្រា ម៉ូឌី ថាលោករំពឹងចង់ឲ្យកិច្ចជំនួប​ពិភាក្សាគ្នា រវាងមេដឹកនាំ​ប្រទេស​ទាំងពីរនៅក្នុងរយៈពេល ០២ថ្ងៃនេះ ក្លាយជាការបើកទំព័រថ្មី​នៃទំនាក់ទំនងទ្វេភាគី។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

លោក ម៉ូឌី បានមកដល់​ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូបៃ (Hubei) ភាគកណ្តាល​ប្រទេសចិន ដើម្បីបំពេញ​ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅ​ប្រទេសចិន ដោយ​ចាប់​ផ្តើមកាលពី​ថ្ងៃសុក្រម្សិលមិញនេះ។ នៅក្នុងជំនួប​ដំបូង លោក ស៊ី បានថ្លែងស្វាគមន៍​មេដឹកនាំប្រទេស​ភូមិផងរបង​ជាមួយគ្នារូបនេះ ហើយលោក​ក៏បានរំលឹកផងដែរ​អំពីការវិវឌ្ឍន៍​នានានៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ជុំវិញទំនាក់ទំនងច្រើន​វិស័យរវាងចិន និងឥណ្ឌា។

លោក ស៊ី បានសង្កត់ធ្ងន់​នៅក្នុងជំនួប​មិនផ្លូវការ (informal meeting) យ៉ាង​ដូច្នេះថា «កិច្ចសហប្រតិបត្តិការ​​ដ៏អស្ចារ្យរវាង​​ប្រទេស​ដ៏​ធំធេង​ទាំងពីរនេះ អាចជះឥទ្ធិពល​ដល់ពិភពលោក​ទាំងមូល»ដោយឡែក​នាយករដ្ឋមន្ត្រី​ឥណ្ឌាវិញ បាននិយាយថា «កិច្ចប្រជុំលើកនេះ​មាននូវភាពគួរឲ្យកត់សម្គាល់​ជាប្រវត្តិសាស្ត្រ»។

គួរបញ្ជាក់ថា ទស្សនកិច្ច​របស់​លោក ម៉ូឌី គឺតបតាមការ​អញ្ជើញ​ពីលោក ស៊ី ជិនពីង ដោយស្ថិតនៅ​ក្នុងគោលដៅ​ធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនង​របស់មហាយក្ស​អាស៊ី​ទាំងពីរ ដែលមានភូមិ​ផងរបង​ជាមួយគ្នា ចំពោះមុខបញ្ហា​ជាច្រើនទាំង​ក្នុងតំបន់ និងអន្តរជាតិ។ ឥណ្ឌា និងចិន​ក៏នៅមានបញ្ហា​រកាំរកូសមួយ​ចំនួនផងដែរ ជាពិសេស​ការតឹងសសៃ​កដាក់គ្នាជុំវិញ​ព្រំដែន​មានជម្លោះ​កាលពីឆ្នាំ២០១៧ កន្លងទៅនេះ៕