(សេអ៊ូល)៖ ប្រវត្តិសាស្ត្រថ្មី គួរជាទីអបអរសាទរ​ពីគ្រប់មជ្ឈដ្ឋាន​ទូទាំងសកលលោកនោះ ត្រូវបានលេចចេញជារូបរាងហើយ នៅពេញមួយថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ នេះតែម្តង ដោយកូរ៉េទាំងពីរបានបញ្ចប់ជំនួបជាផ្លូវការចំនួនពីរជុំសំខាន់ៗ ហើយបាន​ចេញសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានដកស្រង់ចំណុចសំខាន់ៗដូចខាងក្រោម៖

១៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានប្រកាសថា ពួកគេនឹងធ្វើការងាររួមគ្នា​ដើម្បីសម្រេច​ឱ្យបាននូវការ​លុបបំបាត់អាវុធនុយក្លេអ៊ែរ​​ទាំងស្រុង ​នៅលើឧបទ្វីបកូរ៉េ។

២៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឯកភាព​បញ្ចប់រាល់សកម្មភាព​អរិភាពរវាង​ប្រទេសទាំងពីរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ​បិទបញ្ចប់ជាផ្លូវ​ការនូវសង្រ្គាមកូរ៉េ (១៩៥០-​១៩៥៣) និងស្វែងរកសន្ធិសញ្ញា​សន្តិភាពអចិន្ត្រៃយ៍​សម្រាប់ឧបទ្វីបកូរ៉េ។

៣៖ លោក មូន និងលោក គីម ក៏បានសន្យាថា នឹងជំរុញឱ្យមាន​កិច្ចចរចាត្រីភាគី​ដោយមានការចូលរួម​ពីសហរដ្ឋអាមេរិក ឬក៏កិច្ច ចរចាចតុភាគី​ដោយមាន​ការចូលរួមពីចិន ដើម្បីស្វែងរក​ការបិទបញ្ចប់ជម្លោះ និងជំនួសបទ​ឈប់បាញ់ ដោយសន្ធិ​សញ្ញាសន្តិភាព​ជាអចិន្ត្រៃយ៍​ ឲ្យបាននៅ​ក្នុងឆ្នាំ២០១៨នេះ។

៤៖ លោក មូន ជែអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏បាន​យល់ព្រមបំពេញ​ដំណើរទស្សកិច្ច​ ទៅកាន់ទីក្រុងព្យុង​យ៉ាងផងដែរ ដើម្បីចូលរួមកិច្ច​ប្រជុំកំពូលអន្តរ​កូរ៉េលើទី ២ ជាមួយលោក គីម ជុងអ៊ុន ម្ដងទៀត។

៥៖ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា ភាគីទាំងពីរ​បានឯកភាពគ្នាថា នឹងដំណើរការការរៀបចំ​ពិធី​ជួបគ្រួសារ កូរ៉េនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ នាឱកាសថ្ងៃ​រំដោះកូរ៉េពី​នឹមត្រួតត្រា​របស់ជប៉ុន (ពីឆ្នាំ១៩១០-១៩៤៥)។

៦៖ កូរ៉េទាំងពីរព្រមព្រៀង​បង្កើតការិយាល័យ​ទំនាក់ទំនងរួមមួយ នៅក្នុងសួន​ឧស្សាហកម្មរួមគ្នា​កែសុង (Kaesong) ដើម្បីធានាឱ្យ​បាននូវការផ្លាស់​ប្ដូរវិស័យ​ឯកជន និង កិច្ចសហប្រតិបត្តិការ​​ទៅវិញទៅមក។

៧៖ អនុវត្តន៍​ជំហានជាក់ស្ដែងលើ​ការប្រើប្រាស់ផ្លូវដែក ដុងហេ (Donghae) និង គ្យឿងគុយ (Gyeongui) រួមទាំងផ្លូវដទៃទៀត​ដោយការតភ្ជាប់ និងធ្វើ​ទំនើបកម្ម។

៨៖ បញ្ឈប់រាល់សកម្មភាព​អរិភាពទាំងនៅលើដី សមុទ្រ និងអាកាស​ប្រឆាំងគ្នាទៅវិញទៅមក ក៏ដូចជាធ្វើការងាររួមគ្នា​ផងដែរប្រែក្លាយ តំបន់ព្រំដែនគ្មានយោធា​រវាងប្រទេសទាំងពីរ (DMZ) ក្លាយទៅជាតំបន់សន្តិភាព។

៩៖ ធ្វើឱ្យភាគខាងលិច នៃតំបន់​កំណត់ខ្សែបន្ទាត់ដែន​សមុទ្រខាងជើង (western of Northern Limit Line) ក្លាយជាសមុទ្រ​នៃសន្តិភាព​សំដៅ​ទប់ស្កាត់រាល់​ឧប្បដិហេតុយោធា និងចាត់​វិធានការ​ក្នុងពេល​បច្ចុប្បន្ន ដើម្បីធានសុវត្ថិភាព​សម្រាប់សកម្មភាព​នេសាទ។

១០៖ រៀបចំជំនួបយោធា​រវាងភាគីទាំងពីរឱ្យបាន​ទៀងទាត់ ក្នុងនោះរួមមាន​ជំនួបថ្នាក់រដ្ឋមន្ត្រី​ការពារជាតិ និងថ្នាក់ឧត្ដមសេនីយ៍​នៅក្នុង​ខែឧសភា។

១១៖ អះអាងឡើងវិញ​ពីការមិនរំលោភបំពាន​លើកិច្ចព្រមព្រៀង និងធ្វើការងាររួមគ្នា​តាមដានយ៉ាងយក​ចិត្តទុកដាក់​បំផុត និងធ្វើការងាររួមគ្នា។

១១៖ សម្រេចឱ្យបាន​នូវការកាត់បន្ថយ​អាវុធ ឱ្យស្របទៅ​តាមការកាត់បន្ថយ​ភាពតានតឹង និងកសាង​ទំនុកចិត្តគ្នា។

១២៖ ព្រមព្រៀងជំរុញ​ឱ្យមានកិច្ចចរចា​ត្រីភាគី​ ដោយមានការចូលរួមពី​សហរដ្ឋអាមេរិក និង​កូរ៉េទាំងពីរ ព្រមទាំងកិច្ចចរ​ពហុភាគីដោយ​មាន​ការចូលរួមពី​កូរ៉េទាំងពីរ ចិន និង​សហរដ្ឋអាមេរិក ដើម្បីស្វែងរក​ការបិទបញ្ចប់​ជាផ្លូវការសង្រ្គាមកូរ៉េ និងជំនួសបទ​ឈប់បាញ់​ទៅជា​សន្ធិសញ្ញាសន្តិភាព​ជាអចិន្ត្រៃយ៍​ ឲ្យបាន​នៅក្នុងឆ្នាំ២០១៨​នេះតែម្តង។

១៣៖ អះអាងឡើងវិញ​ពីការចែករំលែក​វត្ថុបំណង សម្រេចឱ្យ​បានការលុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅលើ​ឧបទ្វីបកូរ៉េ។

ដោយឡែក​ខាងក្រោមនេះវិញ គឺជាការព្រមព្រៀងគ្នា​រវាងមេដឹកនាំ​កូរ៉េទាំងពីរ (ព្រមព្រៀង​ផ្ទាល់​មាត់) ដែលស្ថិត​ផ្នែកមួយទៀតនៃសេចក្តីថ្លែងការណ៍រួម៖

១៖ បង្កើតកិច្ចពិភាក្សាគ្នាជាទៀតទាត់ ពាក់ព័ន្ធនឹង​បញ្ហាប្រជាជន​កូរ៉េ និងការពង្រឹង​ទំនុកចិត្តគ្នាទៅវិញ​ទៅមក តាមរយៈការ​រៀបចំកិច្ចប្រជុំ ឬកិច្ចពិភាក្សា​តាមទូរស័ព្ទ​ឱ្យបាន​ទៀតទាត់។

២៖ បង្កើតកិច្ចខិតខំប្រឹងប្រែង​រួមបន្ថែម ឆ្ពោះទៅរកការអភិវឌ្ឍ​នៃទំនាក់ទំនងអន្តរកូរ៉េ សន្តិភាព និងវិបុលភាព​នៅលើឧបទ្វីបកូរ៉េ និងការរួបរួមគ្នា។

៣៖ ជួយសម្រួល​ប្រធានាធិបតី​លោក មូន ជែអ៊ីន ទៅបំពេញដំណើរ​ទស្សនកិច្ចនៅ​ទីក្រុងព្យុងយ៉ាង​ ក្នុងឆ្នាំ២០១៨នេះ៕ ​