(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានប្រកាសថា ពួកគេនឹងធ្វើការងាររួមគ្នា​ដើម្បីសម្រេច​ឱ្យបាននូវការ លុបបំបាត់អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​នៅលើឧបទ្វីបកូរ៉េ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅមុននេះ​បន្តិច​នា​រសៀលថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

មិនតែ​ប៉ុណ្ណោះ លោក មូន ជែអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏បាន​យល់ព្រមបំពេញ​ដំណើរទស្សកិច្ច​ ទៅកាន់ទីក្រុងព្យុង​យ៉ាងផងដែរ ដើម្បីចូលរួមកិច្ច​ប្រជុំកំពូលអន្តរ​កូរ៉េលើទី ២ ជាមួយលោក គីម ជុងអ៊ុន ម្ដងទៀត។ ការព្រមព្រៀងនេះ គឺជាផ្នែកមួយនៃ​សេចក្ដីថ្លែងការណ៍​រួមគ្នា បន្ទាប់ពីមេដឹកនាំ​កូរ៉េទាំងពីរ បានជួបពិភាក្សាគ្នា​ជាប្រវត្តិសាស្ត្រ​នៅឯភូមិ Panmunjom នៅព្រឹកថ្ងៃសុក្រ​នេះ៕