(សេអ៊ូល)៖ សហរដ្ឋអាមេរិក ចិន ជប៉ុន និងរុស្ស៊ី បានបង្ហាញពីក្ដី​សង្ឃឹមរបស់​ពួកគេ​ដូចៗគ្នា លើភាពជោគជ័យ​នៃកិច្ចកំពូល​អន្តរកូរ៉េរវាង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង ដែលកំពុង​ប្រព្រឹត្តទៅ​នៅឯភូមិ Panmunjom ពុះចែកកូរ៉េ​ជាពីរក្រោយសង្រ្គាម​កូរ៉េ (​១៩៥០-១៩៥៣)។ នេះបើតាមការ​ចេញផ្សាយដោយ​ សារព័ត៌មាន Arirang N​ews​ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន អ្នកនាំពាក្យ​សេតវិមាន លោកស្រី Sarah Sanders បានសាទរដល់កិច្ចប្រជុំ​កំពូលអន្តរ​កូរ៉េ ដែលនឹងនាំកូរ៉េទាំងពីរ​ឆ្ពោះទៅរកសន្តិភាព និងភាព​រុងរឿង។ លោកស្រី Sanders ក៏បានអះអាង​ដែរថា សហរដ្ឋអាមេរិក​នឹងនៅតែបន្ត​ធ្វើកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​ជាមួយកូរ៉េខាងត្បូង ជាពិសេស​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ជំនួប​រវាងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ ប៉ុន្តែគេនៅត្រូវ​ចាំអ៊ុតមើល​លទ្ធផល នៃជំនួបរវាង​លោក គីម និង​លោក មូន ជាមុន​សិន។

ដោយឡែក ទាក់ទិននឹងជំនួប​ជាប្រវតិ្តសាស្ត្រនេះដែរ ចិន ជប៉ុន និងរុស្ស៊ី សុទ្ធតែបង្ហាញពីក្ដី​សង្ឃឹមរៀងៗខ្លួនថា កូរ៉េទាំងពីរ​អាច​ស្វែងរកសន្តិភាព និងបញ្ចប់ការប្រឈមមុខ​ដាក់គ្នាអស់រាប់​ទសវត្សរ៍មកនេះ ក៏ដូចជាការផ្សះផ្សាគ្នា​រវាងបងប្អូន​កូរ៉េទាំងពីរ សំដៅ​បង្កើតសន្តិភាព​ជាអចិន្រ្តៃយ៍​នៅលើ​ឧបទ្វីបកូរ៉េ៕