(សេអ៊ូល)៖ ក្រោយពីការដាំដើមឈើជានិមិត្តរូបរួចរាល់នោះ​ លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានបណ្តើរៗគ្នា​សន្សឹមនៅលើស្ពាន​ពណ៌ខៀវ​មួយ រួចទៅអង្គុយនៅលើតុ​ក្រោមដើមឈើប្រកបដោយភាពស្រស់ស្រាយ និងកក់ក្តៅជាមួយសម្រស់ធម្មជាតិ នៃទឹកដីព្រំដែនខាងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

តាមការបង្ហាញ​នៅក្នុងវីដេអូ Live របស់សារព័ត៌មាន​នានា លោក គីម និងលោក មូន អង្គុយ​ពិភាក្សាគ្នា ជាលក្ខណៈឯកជន​សុទ្ធសាធ ដោយគ្មាន​មន្ត្រី ឬឧបករណ៍​ថតវីដេអូ និងរូបភាព​នៅជិតមេដឹកនាំ​ទាំងពីរនេះ​ឡើយ ខណៈវីដេអូ​ត្រូវបានថតពីចម្ងាយ​ប៉ុណ្ណោះ។ ដូច្នេះ​គ្រប់គ្នា​បានមើលឃើញថា មេដឹកនាំទាំងពីរ​ប្រហែល​ចង់ជាពិភាក្សាគ្នាអំពី​រឿងទូទៅជាលក្ខណៈ​​ឯកជន មុននឹងត្រូវចាប់​​ផ្តើមកម្មវិធី​បន្ទាប់៕