(សេអ៊ូល)៖ ទីបំផុតកិច្ចប្រជុំ​បិទទ្វារនាព្រឹកថ្ងៃសុក្រនេះ រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ បានបញ្ចប់ទៅវិញហើយ ដោយលោក​លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានចាកចេញ​ទៅស្រស់ស្រូបអាហារ​ពេលថ្ងៃ​ត្រង់រៀងៗខ្លួន មុនត្រឡប់មកជួបគ្នា​ នៅព្រំដែនសាជាថ្មី​ម្តងទៀតនារសៀលនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន The Guardian នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

​ក្រោយពីបានជួបពិភាក្សាជាមួយ​លោក មូន ជែអ៊ីន នៅឯអគារសន្តិភាព (Peace House)​ ​ដែលស្ថិតនៅប៉ែកខាងទឹកដីកូរ៉េខាងត្បូង ក្នុងភូមិ Panmunjom ដែលខណ្ឌចែកព្រំដែនកូរ៉េទាំងពីរអស់រយៈពេលប៉ុន្មានម៉ោងនាព្រឹកនេះមក ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានវិលត្រឡប់​ទៅកាន់ទឹកដីនៃប្រទេសរបស់លោកវិញ ខណៈដែលភាគីទាំងពីរបានឆ្លៀត​សម្រាកមួយភ្លែតសិន ដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់។

លោក គីម ត្រូវបានគេ​មើលឃើញថា បានឡើងជិះ​រថយន្តម៉ាក Mercedes-Benz ពណ៌ខ្មៅមួយ​គ្រឿង ដែលនៅការពារជុំវិញ​ដោយកង​អង្គរក្ស ហើយក្រោយ​មករថយន្តនោះ បានបើកបរឆ្លងកាត់​បន្ទាត់ព្រំដែនកូរ៉េទាំងពីរ ដោយក្រុមអង្គរក្ស​​រត់អមសងខាង។​

គួរជម្រាបថា ក្រោយពីពិសា​អាហារពេលថ្ងៃ​ត្រង់រួច លោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងមកជួបគ្នា​ម្តងទៀត ដើម្បី​​ដាំដើមឈើនៅតំបន់អតីត​សមរភូមិ​ ដែលបានបញ្ចប់​ឆ្នាំ១៩៥៣ ជាឆ្នាំដែលបទឈប់បាញ់នៃសង្រ្គាមកូរ៉េ ត្រូវបានចុះហត្ថលេខា។ បន្ថែមពីនេះ លោកទាំងពីរ​នឹងជួបសម្តែងការគួរសមនឹងគ្នាជុំទីពីរ ព្រមទាំង​ទស្សនាការ​សម្តែងសិល្បៈកម្សាន្ត រួចទើបបញ្ចប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នៅយប់​ថ្ងៃសុក្រដដែលនេះ​តែម្តង៕