(សេអ៊ូល)៖ កិច្ច​ប្រជុំកំពូល​អន្តរកូរ៉េជា​ប្រវត្តិសាស្ត្រ រវាងប្រធានាធិបតី​​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើម​ជាផ្លូវការហើយ​នៅព្រឹកថ្ងៃសុក្រនេះ​ នៅឯវិមានសន្តិភាពស្ថិតក្នុងភូមិ Panmunjom ប៉ែកទឹកដី កូរ៉េខាងត្បូងនៃព្រំដែនគ្មានយោធារវាងប្រទេសពីរ។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

កិច្ចប្រជុំកំពូលនេះ​បានចាប់ផ្ដើមនៅម៉ោង ០៩៖៣០ព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) តាមរយៈការចាប់ដៃគ្នា​ទាំងទឹកមុខញញឹម​រវាង លោកមូន​ ជែអ៊ីន និងលោក គីម ជុងអ៊ុន ដែលបានដើរឆ្លង​ព្រំដែនរវាងកូរ៉េទាំងពីរ​ទៅវិញទៅមក ក្រោមការ​ឃ្លាំមើលយ៉ាង យកចិត្តទុកដាក់​ពីសំណាក់​សាធារណជន ជាពិសេស​គឺសហរដ្ឋអាមេរិក និងជប៉ុន។

គួរបញ្ជាក់ថា បងប្អូន​កូរ៉េទាំងពីរ​បានជួបគ្នាក្រោមទង់​ជាតិតែមួយ (មិនមែន​ទង់ជាតិរបស់កូរ៉េខាងជើង ឬរបស់​កូរ៉េខាងត្បូង​នោះ​ឡើយ) ដែលនេះជាការ​បង្ហាញអំពីការគោរពគ្នាទៅវិញទៅមក និងការពិភាក្សាក្នុង​នាម​សាច់ឈាម​ដូចគ្នា មិនមែន​តំណាងឲ្យប្រទេស​ណាមួយនោះ​ឡើយ។

ខាងក្រោមនេះគឺកម្រងរូបភាពសំខាន់ៗ បង្ហាញពីភាពល្អូកល្អឺនរវាងលោក មូន និងលោក គីម នៅភូមិ Panmunjom ទឹកដី​ព្រំដែនខាង​កូរ៉េខាងត្បូង៖