(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានកាល​បរិច្ឆេទបី ឬក៏បួនឯណោះ សម្រាប់​រៀបចំជំនួបកំពូល ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះ​របស់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅ​ក្នុង​កម្មវិធី Fox and Friends របស់​ស្ថានីយ​ទូរទស្សន៍​ Fox N​ews នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។ លើសពីនេះ​ទៅទៀត នៅក្នុងកម្មវិធីនោះ លោក ត្រាំ ក៏បាន​បញ្ជាក់ផង​ដែរពីទីតាំងចំនួន ០៥ សម្រាបប់កិច្ចប្រជុំ​កំពូលជាមួយ​លោក គីម ប៉ុន្តែលោកមិន​បានបញ្ជាក់អ្វី​លម្អិត​នោះទេ។ «យើងមានការសម្រេច​ចិត្តមួយដែល​នឹងត្រូវធ្វើ​ឡើង។ យើងមានកាល​បរិច្ឆេទបីឬបួន រួមទាំងទីតាំង​ចំនួន ០៥ ផងដែរ​ដែលនឹងត្រូវ​បាន​ជ្រើសរើស»។ នេះជា​ការលើកឡើង​របស់​លោក ដូណាល់ ត្រាំ។

គួររំលឹកថា លោក ដូណាល់ ត្រំា ធ្លាប់បាន​ឱ្យដឹងថា លោកនឹងជួបជាមួយ​លោក គីម ជុងអ៊ុន នៅចុង​ខែឧសភា ឬនៅដើម​ខែមិថុនា​ខាងមុខនេះ ដើម្បីពិភាក្សាស្ដីពី​ការលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតី​អាមេរិករូបនេះធ្លាប់បានអះអាង​ថា បើលោកយល់ថា​ជំនួបជាមួយ​លោក គីម គ្មាន​ប្រយោជន៍ទេ លោកនឹងមិនទៅ​ចូលរួមឡើយ ហើយថា​លោកនឹងដើរចេញពីកិច្ច ប្រជុំភ្លាមៗ បើជំនួបនោះមិន​មានលទ្ធផល​អ្វីទេនោះ៕