(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រនេះ បានសម្ដែងការសាទរ ក៏ដូចជាសង្ឃឹមផងដែរថាកិច្ចប្រជុំកំពូលអន្តរកូរ៉េ នឹងនាំកូរ៉េទាំងពីរ ឆ្ពោះទៅរកសនិ្តភាព និងការអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

កិច្ច​ប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ ផ្ដើម​ជាផ្លូវការហើយ​នៅព្រឹកថ្ងៃសុក្រនេះ​ ជាមួយការរំពឹងថា ប្រទេសទាំងពីរអាច​ស្វែងរកសន្ធិសញ្ញា​សន្តិភាព ជាអចិន្ត្រៃយ៍​នៅលើ​ឧបទ្វីបកូរ៉េ។ ជំនួបកំពូលនេះ​ ធ្វើឡើងនៅឯតំបន់ព្រំដែន​គ្មានយោធាក្នុងភូមិ Panmunjom ប៉ែកទឹកដី​កូរ៉េខាងត្បូង ហើយតាមរយៈ ជំនួប​ជាប្រវត្តិសាស្ត្រនេះដែរ លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំ​កូរ៉េខាងជើងដំបូងគេ​បំផុត ដែលយកជើងជាន់ទឹកដី កូរ៉េខាងត្បូង។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះសង្ឃឹមតិចតួចណាស់ថាកូរ៉េខាងជើង ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ ខណៈកិច្ចប្រជុំកំពូល​ អន្តរកូរ៉េ ក៏ធ្លាប់បានធ្វើឡើងដែរកាលពីឆ្នាំ២០០០ និងឆ្នាំ២០០៧។ តែជំនួប​ទាំងពីរនេះ មិនមានលទ្ធផល​អ្វីជាដុំកំភួន​ឡើយ រីឯកូរ៉េខាងជើង ចេះតែបន្តបាញ់​សាកល្បងអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជា​បន្តបន្ទាប់​ រហូតដល់ចុង​ឆ្នាំ២០១៧។

មួយវិញទៀត សហរដ្ឋអាមេរិក ធ្លាប់បានព្រមានទុកជាមុនថា មិនមានឡើយការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ដរាបណាទីក្រុងព្យុង យ៉ាងរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងជាមុនសិន។ មិនតែប៉ុណ្ណោះលោកត្រាំ ថែមទាំងបានតែងតាំងទីប្រឹក្សាសន្តិសុខជាតិ អាមេរិក និងរដ្ឋមន្ត្រីការបរទេសថ្មី ដែលគេមើលឃើញថាសុទ្ធតែមានគោលនយោបាយតឹងរ៉ឹងចំពោះកូរ៉េខាងជើង៕