(សេអ៊ូល)៖ នៅថ្ងៃសុក្រស្អែកនេះ លោក គីម ជុងអ៊ុន នឹងក្លាយជា​មេដឹកនាំកូរ៉េខាងជើង​ដំបូងគេបំផុត ដែលយកជើង​ជាន់ទឹកដី កូរ៉េខាងត្បូង​ចាប់តាំងពីសង្រ្គាម​កូរ៉េ បានបញ្ចប់នៅឆ្នាំ១៩៥៣ មក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

ជាមួយគ្នានោះ​ដែរ បើតាមវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង កិច្ចប្រជុំកំពូល​អន្តរកូរ៉េ នឹងចាប់ផ្ដើម​នៅម៉ោង ៩៖៣០នាទីព្រឹក (ម៉ោង​នៅទីក្រុងសេអ៊ូល ត្រូវនឹងម៉ោង ៧៖៣០នាទីព្រឹកម៉ោងនៅកម្ពុជា) ហើយលោក​ប្រធានាធិបតី មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន គ្រោងនឹងជួបគ្នា​នៅក្នុងជំនួបទល់​មុខ​នៅម៉ោង ១០៖៣០​នាទីព្រឹក រៀបចំឡើង​នៅឯភូមិ ផាន់ម៉ុនចុម (Panmunjom) នៃតំបន់ព្រំដែន​គ្មានយោធា​ រវាងកូរ៉េទាំងពីរ​ស្ថិតប៉ែកទឹកដី​កូរ៉េខាងត្បូង។ ខាងភាគី​កូរ៉េខាងត្បូង​ក៏បានបញ្ជាដែរថា លោក មូន និងគីម នឹងត្រូវដើរ​ទន្ទឹមគ្នា ទៅកាន់ទីលាន​មួយនៅចន្លោះ​អគារសេរីភាព និងអគារ សន្តិភាព ដើម្បីប្រកាស​បើកកិច្ចប្រជុំ​ជាផ្លូវការ។

គួរបញ្ជាក់ថា មកទល់​បច្ចុប្បន្ន​កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែបន្តស្ថិតនៅ​ក្នុងស្ថានភាព​ប្រកាសសង្រ្គាម​ជានិច្ច ដ្បិតអីក្រោយ​សង្រ្គាមកូរ៉េ (១៩៥០-​១៩៥៣) បងប្អូនកូរ៉េបង្កើត​ទាំងពីរ​បានត្រឹមចុះហត្ថលេខា​លើបទឈប់​បាញ់​ប៉ុណ្ណោះ មិនមែនកិច្ចព្រមព្រៀង​សន្តិភាពនោះឡើយ។ ដូច្នេះជំនួប​កំពូលអន្តរ កូរ៉េត្រូវ​បានគេមើលឃើញ​ថា ជាឱកាសមួយ សម្រាប់ការស្វែងរក​សន្តិភាពជា​អចិន្ត្រៃយ៍​នៅលើឧបទ្វីបកូរ៉េ បើជាទោះ​បីជាក្រុមអ្នកជំនាញ មានជំនឿតិច​តួចថា ទីក្រុងព្យុងយ៉ាងនឹងយល់​ព្រម រំសាយ​អាវុធនុយក្លេអ៊ែរ​ទាំងស្រុងក៏ដោយ៕