(ឥណ្ឌា)៖ ប៉ូលិស​ឥណ្ឌា​បានឱ្យដឹងនៅ​ថ្ងៃព្រហស្បតិ៍នេះថា ក្មេងសិស្ស​សាលាយ៉ាង​ហោចណាស់ ១៣នាក់ បានស្លាប់​បាត់បង់​ជីវិត បន្ទាប់ពីរថយន្ដរបស់ពួកគេ​ បានបុកគ្នាជាមួយរថភ្លើង​ពេញមួយទំហំ​លាន់ដូចរន្ទះ នៅឯរដ្ឋ យូតតា ប្រាឌែស (Uttar Pradesh) ស្ថិតនៅភាគ​ខាងជើងប្រទេស​ឥណ្ឌា។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅ​រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

យោងតាមប៉ូលិស​ឥណ្ឌា រថយន្ដដឹកសិស្ស​សាលាខាងលើ បានធ្វើដំណើរឆ្លងកាត់ផ្លូវ​ដែកមួយ​ខ្សែមិនមានអ្នក​គ្រប់គ្រង និងត្រូវ​រថភ្លើងបុក​មួយទំហឹង។ គ្រោះថ្នាក់ចរាចរណ៍​រន្ធត់នេះ កើតឡើងតែប៉ុន្មាន​សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្មេង​សិស្សសាលា ២៤នាក់​បានស្លាប់ នៅពេលរថយន្ដ​របស់ពួកគេ​ធ្លាក់ចូលទៅក្នុងជ្រលង​ភ្នំ នៃរដ្ឋ ហ៊ីម៉ាចាល់ ប្រាឌែស (Himachal Pradesh)។

គួរបញ្ជាក់ថា នេះគឺជាគ្រោះថ្នាក់ចរាចរណ៍លើកចុងក្រោយ​ ដែលកើត​នៅក្នុង​តំបន់ គូស៊ូណាហ្គា (Kushinagar) នៃរដ្ឋ Uttar Pradesh ប៉ុន្តែ​គេមិនទាន់ដឹង​ច្បាស់ថា មានក្មេងប៉ុន្មាននាក់​ជិះលើរថយន្ដខាងលើ​នៅឡើយទេ។ គ្រោះថ្នាក់ចរាចរណ៍​នៅឥណ្ឌា តែងតែកើតឡើងជា ញឹកញាប់ដោយសារ​តែការបើកបរមិន​គោររពច្បាប់ ផ្លូវមិនល្អ និងយានយន្ដ​គ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ៕