(អាមេរិក)៖ តាមមើលទៅ​ដូចជាគ្មានរឿង​ចម្រូងចម្រាស​ បានកើតឡើងបន្តិចទាល់តែសោះ ព្រោះក្រុមហ៊ុន​បណ្តាញសង្គមយក្ស​នៅលើពិភពលោក Facebook បាន​ចេញ​របាយការណ៍​ក្តៅៗស្តីពីប្រាក់ចំណូល​របស់ខ្លួន សម្រាប់ត្រីមាស​ទីមួយដើម​ឆ្នាំ២០១៨នេះ ដ៏គួរឲ្យភ្ញាក់ផ្អើល និងប្រសើរ​ជាងអ្វីដែល​មនុស្សភាគច្រើន​បានរំពឹងទុក​ទៅទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី បណ្តាញសារព័ត៌មានអាមេរិក CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

បើតាមសេចក្តី​ប្រកាស​របស់ Facebook បណ្តាញ​សង្គមលេខ ១ នៅសហរដ្ឋអាមេរិកមួយនេះ រកបានប្រាក់​ចំណូលចំនួន ១១.៩៧ពាន់​​លាន​​ដុល្លារ និងទទួល​បាន ១.៦៩ដុល្លារក្នុងមួយហ៊ុន សម្រាប់​រយៈពេល ០៣ខែដើមឆ្នាំនេះ គឺគិតត្រឹម​ថ្ងៃទី៣១ ខែមីនា​កន្លងទៅ។ តួលេខនេះ​ គឺ​ហួស​ពី​​​ការរំពឹងទុករបស់​ក្រុមអ្នកវិភាគ​ភាគច្រើន ដែលរំពឹងថា ភាគហ៊ុនរបស់ Facebook នឹងមានតម្លៃ​ត្រឹម ១.៣៥ដុល្លារ​ប៉ុណ្ណោះ​ក្នុងមួយហ៊ុន​ជាមួយ​ប្រាក់ចំណូលតែ ១១.៤១ពាន់លានដុល្លារ។

ជាមួយគ្នានេះ បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បានមើលឃើញ​ទៀតថា មានការកើន​ឡើងនូវ​ចំនួនអ្នកប្រើប្រាស់​សកម្មជារៀង​រាល់ថ្ងៃ​ថែមទៀតផង គឺចំនួន ១.៤៥ពាន់លាននាក់ ធៀបទៅនឹង ១.៤០ពាន់លាននាក់​កាលពីត្រីមាស​មុន។ ម៉្យាងវិញទៀត​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រចាំខែជា​រួមតែម្តងវិញ​នោះ​គឺ Facebook បានមើលឃើញថា មានការកើន​ឡើងដល់ ២.២ពាន់លាននាក់ លើសពី​ការរំពឹងទុក​​របស់​​​ផ្សារហ៊ុន Wall Street ចំនួន ២.១៩ពាន់លាននាក់។

គួរជម្រាបថា នាអំឡុងពេល​​ប៉ុន្មានខែចុង​​ក្រោយនេះ Facebook បានទទួលរង​សម្ពាធ និងការរិះគន់​យ៉ាងចាស់ដៃ ជុំវិញរឿង​​អាស្រូវ​លេច​ធ្លាយ​ទិន្នន័យ​របស់អ្នកប្រើប្រាស់​​​ប្រមាណ ៨៥លាននាក់។ បញ្ហានេះ​បានអូស​ក្រុមការងារ Facebook រួមទាំងបិតាស្ថាបនិក គឺលោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerburg) ឡើងទៅ​ស្រាយបំភ្លឺនៅចំពោះមុខព្រឹទ្ធសភាអាមេរិក​ថែមទៀតផង៕