(វ៉ាស៊ីនតោន)៖ សេតវិមាន​​លោក ដូណាល់ ត្រាំ បានលើក​ឡើងថា កូរ៉េខាងជើង​ ដែលជាធ្លាប់ជា​ប្រទេសកុម្មុយនិស្ត​ដ៏រឹងទទឹងមួយនោះ ឥឡូវនេះកំពុង​ឆ្ពោះ​ទៅរកទិសដៅត្រឹមត្រូវ​ហើយ ជុំវិញបញ្ហា​នៃការរំសាយអាវុធ​នុយក្លេអ៊ែរ​​ ពីតំបន់​ឧបទ្វីបកូរ៉េ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

ការលើកឡើង​ខាងលើរបស់​សេតវិមាន​អាមេរិក ត្រូវបានធ្វើឡើង​បន្ទាប់ពី​​ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន​ថ្លែងកោត​សរសើរ​ពេញៗ​​មាត់ ចំពោះ​ប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា​គឺជាមនុស្សគួរឲ្យគោរព​ និងបើកទូលាយ ហើយលោកបង្ហាញ​ក្តីសង្ឃឹមថា នឹងអាច​​ដោះស្រាយបញ្ហា​ជាមួយទីក្រុង​ព្យុងយ៉ាង បាន​ដោយមធ្យោបាយ​គួរឲ្យ​គោរព​ដូចគ្នា។

យ៉ាងណាមិញ អ្នកនាំពាក្យ​សេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) នៅតែបាន​បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិនបន្ធូរបន្ថយ​យុទ្ធនាការ​ដាក់​​​សម្ពាធជា​អតិបរមា​ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង​នោះឡើយ រហូតទាល់​តែកូរ៉េខាងជើង​ បានអនុវត្តន៍នូវអ្វីដែលខ្លួន​បានអះអាងកន្លងមក ឲ្យទៅជា​​សកម្មភាព​ជាក់ស្តែង។

គួរជម្រាបថា ​បើតាម​លោក ដូណាល់ ត្រាំ ផ្ទាល់ លោកនឹងជួបជា​មួយលោក គីម ជុងអ៊ុន នៅចុង​ខែឧសភា ឬក៏ដើមខែមិថុនា ប៉ុន្តែនៅថ្ងៃ​សុក្រ​ស្អែកនេះ ជំនួបកំពូល​ជាប្រវត្តិសាស្រ្តមួយទៀត​នឹងកើតឡើង គឺប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងត្រូវជួប​ពិភាក្សា​ទល់មុខគ្នា​ជាមួយ​​លោក គីម៕