(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Macron) បានប្រើប្រាស់​សុន្ទរកថា​របស់លោក នៅ​ចំពោះមុខសភាអាមេរិក ធ្វើការថ្កោលទោស​យ៉ាងខ្លាំង​លើគំនិតជាតិ​និយម និង​ឯកោ​និយម ខណៈអ្នកវិភាគមើល​ឃើញថា សម្តីរបស់​ប្រធានាធិបតី​បារាំងរូបនេះ ជាការ​វាយប្រហារ​ដោយ​ប្រយោល​លើគោលនយោបាយ ​តម្កល់ផលប្រយោជន៍​អាមេរិក​មុនគេ (America First) របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងអនុវត្តន៍​សព្វថ្ងៃ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

យោងតាមលោក ម៉ាក្រុង គំនិតជាតិ​និយម និងឯកោនិយម​ គឺជាការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់​ការរីកចំរើនរបស់ពិភពលោក ប៉ុន្តែលោកនៅតែ​ជឿជាក់ថា គំនិតទាំងពីរនេះ​មិនអាចបញ្ឈប់​ការវវិត្ត​ នៃពិភពលោក​បានឡើយ។ ប្រធានាធិបតី​បារាំង​រូបនេះ បានគូស​បញ្ជាក់ដូច្នេះថា «ឯកោនិយម គឺត្រឡប់​ថយក្រោយ ហើយជាតិនិយម​គឺអាចជាឧបសគ្គ​ បង្កការព្រួយបារម្ភដល់ពួកយើង​ជាបណ្ដោះ​អាសន្ន។ ប៉ុន្តែ​ការបិទទ្វារផ្ដាច់ខ្លួន​ពីពិភពលោក នឹងមិនអាច​បញ្ឈប់ការវិវត្ត​របស់ពិភពលោក​បានឡើយ ​ពោលគឺវា​នឹងមិនអាចពន្លិច​យើងទេ តែវាបញ្ឆេះភាព​ភ័យខ្លាចដល់ប្រជាជន​របស់យើង»

គួរបញ្ជាក់ថា សុន្ទរកថា​របស់លោក អែមម៉ានុយអែល ម៉ាក្រុង នៅចំពោះមុខសភា​អាមេរិកកាលពី​ថ្ងៃពុធ ធ្វើឡើងនា​ឱកាសដែល លោកបំពេញដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ ​ទៅកាន់​សហរដ្ឋអាមេរិក៕