​(តេហេរ៉ង់)៖ ក្រសួងអប់រំ​អ៊ីរ៉ង់បានឱ្យដឹងថា​ ទីក្រុង​តេហេរ៉ង់ មានបំណង​ជំនួសភាសាអង់គ្លេស​ ដែលជាភាសាបរទេស​ទី ២ នៅក្នុង​ប្រព័ន្ធ​អប់រំអ៊ីរ៉ង់ ដោយភាសា​ដទៃក្នុងនោះរួមមាន​ទាំងភាសារុស្ស៊ី ខណៈកិច្ចចរចា​លើវត្ថុបំណងនេះ កំពុងធ្វើឡើងជាមួយ​ក្រសួងអប់រំរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន Sputnik ​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

នេះគឺជាប្រកាស​របស់រដ្ឋមន្ត្រី​អប់រំអ៊ីរ៉ង់ លោក សេយយ៉េដ ម៉ូហាំម៉េដ បាសៃ (Seyyed Mohammad Bathaei) នៅឯជំនួបជា​មួយ លោក Vyacheslav Nikonov ជាប្រធានគណៈកម្មាធិការ​សភារុស្ស៊ី ទទួលបន្ទុក​ផ្នែកអប់រំ និងវិទ្យាសាស្ត្រ​នាឱកាស​ដែលលោកបំពេញ​ដំណើរទស្សនកិច្ច​ទៅកាន់​ទីក្រុងម៉ូស្គូ នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនៅ​ក្នុងជំនួប​នោះដែរ លោក Bathaei បានលើក​ឡើង​ដូច្នេះថា «គោលនយោបាយ​អប់រំរបស់ រដ្ឋាភិបាល​អ៊ីរ៉ង់ កំពុងមានបំណង​បិទបញ្ចប់ភាពផ្ដាច់មុខ​នៃភាសា​អង់គ្លេស ក្នុងនាមជា​ភាសាបរទេស​ទី ២ ក្នុងប្រព័ន្ធអប់រំអ៊ីរ៉ង់​ហើយ ជំនួសមកវិញ​ដោយភាសា​បរទេសដទៃ ជាពិសេស​គឺភាសារុស្ស៊ី​តែម្ដង»

គួរបញ្ជាក់ថា បច្ចុប្បន្ន​​ប្រជាជន​អ៊ីរ៉ង់ ១,០០០គ្រួសារ​​​ប៉ុណ្ណោះ បាននឹងកំពុង​បង្រៀនភាសារុស្ស៊ី​ដល់កូនៗ​របស់​ពួកគេ ជំនួស​​ភាសាអង់គ្លេស។ នេះបើតាម លោក ម៉ូសិន សូចៃ (Mohsen Shojaie) សាស្ត្រាចារ្យ​មក​ពី​សាកល​វិទ្យាល័យ Azad ក្នុងទីក្រុង​តេហេរ៉ង់។ ដូច្នេះការ​បែរទិសដៅ​ទៅរកភាសាផ្សេង​ក្រៅពីអង់គ្លេសនោះ វាពិតជារឿង​ដែលលំបាកហើយ សម្រាប់​ប្រទេសអ៊ីរ៉ង់ ដោយយ៉ាងហោច​ណាស់ក៏ត្រូវការពេលរាប់​ទសវត្សរ៍ដែល ក្នុងការប្តេជ្ញាចិត្ត​បត់ចង្កូត​បែបនេះ៕