(គូឡាឡំាពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នឹងមិនទៅចូលរួម​កិច្ចប្រជុំកំពូល​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន​លើកទី ៣២ ដែលនឹងត្រូវរៀបចំឡើង​នៅក្នុងប្រទេស​សិង្ហបុរី នៅក្នុងសប្ដាហ៍​នេះទេ ដោយលោកបានបញ្ជាឱ្យ​ឧបនាយរដ្ឋមន្ត្រី លោក មូសា ហ៊ីតាម (Musa Hitam) ដឹកនាំគណៈប្រតិភូ​ទៅចូលរួម​ជំនួសវិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍​របស់ក្រសួង​ការបរទេស​ម៉ាឡេស៊ី ដកស្រង់ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

យោងតាមក្រសួង​ការបរទេស​ម៉ាឡេស៊ី លោក Musa Hitam នឹងដឹកនាំ​គណៈប្រតិភូ មកពីក្រសួង​ការបរទេស ក្រសួងពាណិជ្ជកម្ម​​អន្តរជាតិ និងឧស្សហកម្ម រួមទាំងរដ្ឋមន្រ្តី​នៃក្រសួងទាំងនេះ ទៅចូលរួមកិច្ច​ប្រជុំអាស៊ាន​នៅសិង្ហបុរី។ ប៉ុន្តែ ព្រមពេល​ជាមួយគ្នា ក្រសួងមិនបាន​បញ្ជាក់ពីមូលហេតុ​នៃការអវត្តមាន​របស់ លោក Najib Razak ឡើយ ដោយគ្រាន់តែគេដឹងថា ការចាត់តាំងលោក Hitam ធ្វើឡើងការបោះឆ្នោត​សភា​ និងនាយករដ្ឋមន្ត្រីអាណត្តិថ្មី កាន់តែខិតជិតចូលមកដល់​នៅខែឧសភា​ខាងមុខនេះ។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ម៉ាឡេស៊ី បានកំណត់​យកថ្ងៃទី០៩ ខែឧសភា ជាថ្ងៃបោះ​ឆ្នោតសភា ដោយក្នុងនោះអតីតនាយករដ្ឋមន្ត្រីមួយរូបវ័យជាង ៩០ឆ្នាំ ដែលធ្លាប់ដឹកនាំ​ប្រទេសម៉ាឡេស៊ីជាច្រើន​អាណត្តិ ក៏បានសម្រេចចូលរួមផងដែរ ដើម្បីប្រកួតប្រជែងនឹងលោក ណាជីប រ៉ាហ្សាក់៕