(ប៉េកាំង)៖ សេចក្តីព្រាងច្បាប់​ទីពីរ​ ដែលចែងអំពីអ្នកវាយតម្លៃ​រឿងក្តីក្នុងតុលាការ ត្រូវបានបញ្ជូន​ទៅកាន់សភារបស់ចិន​នាថ្ងៃពុធនេះ ដោយ​ក្នុង​​សេចក្តី​​ព្រាង​​នេះ បានលើកឡើង​ពីការចង់ផ្តល់​សិទ្ធិឲ្យ​បុគ្គល​ជាជនសាមញ្ញ​ទាំងនោះ ដើរតួនាទីធំ​ក៏ដូចជាសំខាន់​ជាងមុន នៅ​ក្នុង​ប្រព័ន្ធ​​យុត្តិ​ធម៌​នៃ​មហា​យក្ស​​នៅ​​អាស៊ី​​​មួយ​នេះ។ នេះបើតាម​ការចេញផ្សាយ​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

បើតាមសេចក្តីព្រាង​ច្បាប់ខាងលើ ក្រុមអ្នកវាយ​តម្លៃតុលាការ​ខាងលើ ត្រូវបានគេ​ទទួលស្គាល់ថា មានសិទ្ធិស្មើ​ទៅនឹងចៅក្រម​ ដែលមាន​ជំនាញ​វិជ្ជាជីវៈ​នៅក្នុង​សវនាការដែរ លើកលែង​តែក្នុងករណីណា​មួយផ្សេង ដែលច្បាប់កំណត់​ផ្ទុយពីនេះ។ អ្នកវាយ​តម្លៃ​ទទួលបាន​ការ​អនុញ្ញាតឲ្យ​​ចូលរួមក្នុង​នីតិវិធីច្បាប់​នានា ដែលទោសប្រហារជីវិត​អាចកើតមាន​ទៅរួច ព្រមទាំងសំណុំ​រឿងផ្សេង ០២ទៀត ដែលមានឥទ្ធិ​ពល​ធំធេង​ទៅលើ​សង្គមជាតិ។

គួរជម្រាបថា សេចក្តីព្រាង​ច្បាប់ខាងលើ ត្រូវបានដាក់ជូន​ជាលើកទីមួយ ទៅកាន់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ នៃសភាប្រជាជន​ចិន (NPC)​ កាលពី​ខែធ្នូ ឆ្នាំ២០១៧ ដោយវាត្រូវ​បានគេធ្វើឡើងយោង​ទៅ​តាមការ​សម្រេចចិត្តមួយ របស់គណៈកម្មាធិការ​អចិន្រ្តៃយ៍នៃ NPC កាល​ពីឆ្នាំ២០០៤ សំដៅលើក​ស្ទួយការប្រើប្រាស់​ក្រុមអ្នកវាយតម្លៃ​តុលាការ រួមទាំងកម្ម​វីធីសាកល្បងមួយ នៅក្នុងតាម​ថ្នាក់ខេត្តចំនួន ១០ ដែលបាន​ចាប់ផ្តើមកាលពីឆ្នាំ២០១៥។ ជាមួយ​គ្នានេះ គណៈកម្មាធិការ​ច្បាប់ និងរដ្ឋធម្មនុញ្ញនៃ NPC បានឲ្យដឹងថា នឹងធ្វើការបោះឆ្នោត​សម្រេច​លើ​​សេចក្តី​ព្រាង​ច្បាប់នេះ នាពេលឆាប់ៗ​ខាងមុខ៕