(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន នៅថ្ងៃពុធនេះ​បាន​រាយការណ៍ថា ទីក្រុងតូក្យូ​បានសម្ដែងការតវ៉ា​យ៉ាងខ្លាំង​ចំពោះ​កូរ៉េខាងត្បូង ដែលមាន​គំរោងយកបង្អែម​ប្រចាំកោះ Dokdo ដាក់លើតុ​សម្រាប់អាហារ​ពេលល្ងាច នៃកិច្ចប្រជុំកំពូល​អន្តរកូរ៉េ​នៅថ្ងៃសុក្រ​សប្ដាហ៍​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

យោងតាមស្ថានីយ៍​ទូរទស្សន៍​ជប៉ុន NHK លោក គែនជី កាណាស៊ូជិ (Kenji Kanasugi) អគ្គនាយក នៃអគ្គនាយករដ្ឋានទទួលបន្ទុក​កិច្ចការតំបន់អាស៊ី និងអូសេអានី​ នៃក្រសួង​ការ​បរទេស​ជប៉ុន បានសម្ដែងការតវ៉ា​ប្រឆាំងនឹង​ការសម្រេចចិត្ត​ របស់រដ្ឋាភិបាល​កូរ៉េខាងត្បូង នៅក្នុង​ជំនួប​​រវាងលោក និងមន្ត្រីជាន់ខ្ពស់​ស្ថានទូត​កូរ៉េខាងត្បូង​មួយរូប​ ប្រចាំទីក្រុង​តូក្យូ។ បន្ថែមពី​លើនេះ លោក Kenji ក៏ត្រូវបាន​គេរាយការណ៍​ដែរថា បានបង្ហាញ​ពីការសោក​ស្ដាយ​ជាខ្លាំង ព្រមទាំងបាន​ស្នើឱ្យទីក្រុង​សេអ៊ូល ដកមុខម្ហូបនោះ​ចេញពីបញ្ជីមុខម្ហូប​អាហារពេល​ល្ងាចវិញ។

គួរជម្រាបថា កាលពី​ថ្ងៃអង្គារ​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង បានបង្ហាញ​ពីបញ្ជីមុខម្ហូប​សម្រាប់កិច្ចប្រជុំ​កំពូល​អន្តរកូរ៉េ ក្នុងនោះ រួមមានទាំង​បង្អែមជាមួយ​ការតុបតែង​លម្អរផែនទី​រួមគ្នា​រវាងកូរ៉េទាំងពីរ និងកោះ Dokdo (ជប៉ុនដាក់ឈ្មោះថា តាកេស៊ីម៉ា) ដែលជប៉ុន​អះអាងថា ជាកោះរបស់ខ្លួន តែបច្ចុប្បន្ន​កំពុងស្ថិតនៅ​ក្រោមការគ្រប់គ្រង​របស់​កូរ៉េខាងត្បូង៕