(ហួស្តុន)៖ មនុស្ស​សរុប ០៣នាក់ ក្នុងនោះ​មានប៉ូលិស ០២នាក់ បានទទួលរង​របួស​នៅក្នុង​ករណី​បាញ់ប្រហារ នៅទីក្រុង​ដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ ភាគខាងត្បូង​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

ការបាញ់ប្រហារ​ខាងលើនេះ បានចាប់ផ្តើមបន្ទាប់​ពីមានការទូរស័ព្ទ​ហៅពីសំណាក់​មន្ត្រីប៉ូលិស នៅក្រៅម៉ោង​បំពេញការងារ​មួយរូប ដែលធ្វើការក្រៅម៉ោងនៅក្នុងហាងលក់ទំនិញមួយកន្លែង​នៅក្នុងទីក្រុងដាលឡាស់។ ប៉ូលិសរូបនេះបានចាប់ជនសង្ស័យម្នាក់ នៅវេលាម៉ោង ៤៖១៥នាទីរសៀលថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ប៉ុន្តែនៅពេលដែលមន្ត្រីប៉ូលិសផ្សេងទៀត​មកទទួលយកជនសង្ស័យ ស្រាប់តែជនសង្ស័យនោះទាញបានកាំភ្លើងខ្លីពីប៉ូលិស រួចបាញ់លើប៉ូលិស​ទាំងនោះបណ្តាលឲ្យរងរបួសពីរនាក់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់មកទៀតប៉ូលិស​នៅក្នុងតំបន់​បានធ្វើការស្ទាក់ចាប់​ជនសង្ស័យចំនួន ៥ម៉ោង​ទើបបាន​សម្រេច​ ហើយជន​សង្ស័យនោះ ក៏បានរងរបួស និងត្រូវបញ្ជូនទៅមន្ទីរ​ពេទ្យ​ផងដែរ។ ដើមចម​ដែល​នាំ​ឲ្យកើតករណី​បាញ់បោះយ៉ាង​ភ្ញាក់ផ្អើលនេះ គឺមិនទាន់​មានការបញ្ជាក់​នោះឡើយ៕