(វ៉ាស៊ីនតោន)៖ តុលាការ​កំពូល​អាមេរិក បានច្រានចោល​បណ្តឹងឧទ្ធរណ៍​របស់បុរសម្នាក់ ដែលត្រូវបានគេផ្ដន្ទាទោស​ដាក់ពន្ធនាគារ ២៤១ឆ្នាំ សម្រាប់បទ​ទឧក្រិដ្ឋដែលជននេះធ្លាប់​ប្រព្រឹត្តកាលពីរូបគេនៅមានអាយុ ១៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

យោងតាមតុលាការកំពូលអាមេរិក លោក បុបប៊ី បូស្ទីច (Bobby Bostic) បានប្រព្រឹត្តបទ​ហិង្សាជាច្រើន នៅអំឡុងឆ្នាំ១៩៩៥ ក្នុងនោះ​រួមមាន​ទាំង បទល្មើង​ប្លន់ប្រដាប់​អាវុធ។ ប៉ុន្តែក្រុម​មេធាវីការពារក្ដី​របស់លោកយល់ថា ការផ្តន្ទាទោស​លើរូបលោក គឺជាផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ ដោយសំអាង​លើច្បាប់វិសោធនកម្ម​លើកទី ៨ ដែលហាមឃាត់​ការដាក់ទោស​ទណ្ឌ​មា​នលក្ខណៈ​សាហាវឃោរឃៅ។ ដូច្នេះហើយ​ទើបពួកគេ ស្នើ​ឱ្យមានការកាត់​ទោសជាថ្មី ប៉ុន្តែតុលាការ​កំពូលបាន​បដិសេធ និងមិនបានផ្ដល់​ហេតុផលជាក់លាក់​ ពីការសម្រេចចិត្ត​របស់ខ្លួន​ឡើយ។

គួរបញ្ជាក់ថា បើតាមតុលាការ​កំពូលអាមេរិក កាលពីស្ថិត​ក្នុងវ័យជំទង់ លោក Bobby Bostic បានប្លន់ក្រុមមនុស្ស ដែលកំពុងចែក​ចាយកាដូបុណ្យណូអែល ជាមួយការបាញ់​ប្រហារបណ្ដាល​ឱ្យបុរសម្នាក់របួស ព្រមទាំងបាន​លួចរថយន្ដមួយ​គ្រឿងផងដែរ។ Bostic ត្រូវបានតុលាការកាត់​ទោសនៅអាយុ ១៨ឆ្នាំ ក្នុងឆ្នាំ១៩៩៧ ចំណែកឯការសម្រេចចិត្ត​របស់តុលាការ​​កំពូលអាមេរិក​​នៅពេលនេះ គឺមានន័យថា លោកមិនមានសិទ្ធិ​ស្នើឱ្យមាន​ការលើក​លែង ឬបន្ធូរបន្ថយទោស​ឡើយ​ រហូតដល់មានអាយុ ១១២ឆ្នាំ៕