(វ៉ាស៊ីនតោន)៖ ភពដែលគេហៅថា Super Earth អាចចាត់ទុកថា ជាភពផែនដីយក្ស ហើយអ្នក​វិទ្យាសាស្រ្ត​មួយចំនួន​បានឲ្យដឹងថា ពួកវា​ទំនងជាមាន​លទ្ធភាពទ្រទ្រង់ជីវិត​ឲ្យរស់នៅបាន ខ្ពស់ជាងភព​ទាំងឡាយដែលមាន​ទំហំប៉ុនផែនដី​យើង។ ប៉ុន្តែការសិក្សា​ថ្មីមួយបាន​លាត​​ត្រដាង​ឲ្យ​ឃើញថា វានឹងជារឿង​លំបាកបែបណា សម្រាប់ឲ្យ​ជីវិត​នៅលើភពអេលៀនប្រភេទនេះ (ក្រៅប្រព័ន្ធ​ព្រះអាទិត្យ) ចាក​ចេញ​ទៅ​ធ្វើ​​ការ​រុករក​ក្នុង​ទីអវកាស។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

បើតាមការសិក្សា​ខាងលើ ដើម្បីចេញ​បេសកកម្មមួយ ដូចទៅនឹង​បេសកកម្ម Apollo ឋានព្រះច័ន្ទ ប្រព័ន្ធរ៉ុក្កែត​នៅលើភពស៊ូភើ Earth នឹង​តម្រូវ​ឲ្យ​​មាន​​​ម៉ាស​​ស្មើនឹង ៤០០,០០០តោន ដោយសារតែតម្រូវការរ​បស់ប្រេង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែលទំហំនេះ​គឺប្រហាក់​ប្រហែល​​នឹង​ម៉ាស​នៃ​ប្រាសាទ​​ពីរ៉ាមីត​ដ៏​អស្ចារ្យ​ Giza របស់ប្រទេស​អេហ្ស៊ីប។

ខណៈដែលក្រុម​អ្នកវិទ្យាសាស្រ្តបានរកឃើញ​ភពអេលៀន​ នៅជុំវិញផ្កាយ​ដទៃទៀត ជំពូកភពមួយ​ក្នុងចំណោមភព​ក្រៅប្រព័ន្ធព្រះអាទិត្យ ដែលបានលេច​ឡើងគឺជា​ពពួកភព Super-Earth ឬផែនដី​យក្ស ដោយពួកវា​គឺជាភពដែលអាចមាន​ម៉ាស​រហូតដល់ ១០ដង ធំជាង​ភពផែនដី​របស់យើង។ ភព Super-Earth ជាច្រើន​ត្រូវគេ​អះអាងថា ស្ថិតនៅតំបន់​អាចទ្រង់ទ្រង់​ជីវិតបានក្នុង​ប្រព័ន្ធផ្កាយ​របស់ពួកវា ពោលគឺជា​ទី​​ដែល​សីតុណ្ហភាព បើតាមទ្រិស្តី​អាចធ្វើការទ្រទ្រង់ឲ្យមានទឹករាវ​ នៅលើផ្ទៃនៃភព​ទាំងនោះបាន ហើយឲ្យតែមាន​វត្តមានទឹក ទម្រង់នៃ​ជីវិត​ដូច​ដែលយើងបានដឹង​នៅលើផែនដី ក៏អាចនឹង​មានវត្តមាន​ផងដែរ។

ក្រុមអ្នកស្រាវជ្រាវ​បានឲ្យដឹងថា ភព Super Earth ប្រហែលជាភាពលទ្ធភាព​ទ្រទ្រង់ជីវិតខ្ពស់ជាង ភពដែលមាន​ទំហំប៉ុនៗផែនដី​ទៅទៀត ដោយសារតែម៉ាស​ដ៏ធំរបស់ពួកវា នឹងអនុញ្ញាត​ឲ្យមានកម្លាំង​ទំនាញខ្លាំង​ ដូច្នេះហើយកម្លាំង​ទំនាញទាំងនេះ អាចបង្កើត​បរិយាកាស​បាន​ក្រាស់ ដើម្បីជួយការពារ​ជីវិតបាន​យ៉ាងប្រសើរ ពីកាំរស្មី​ដែលគ្រោះថ្នាក់ៗ​មកពី​អវកាស។

ប្រសិនបើជីវិតអាច​មានការវិត្តន៍នៅ​លើភព Super Earth ដ៏សែនឆ្ងាយ​មួយនោះ ពពួកមនុស្ស​អេលៀននៅ​លើនោះ នឹងអាចមានអរិយធម៌​​ដ៏រីកចម្រើនខ្លាំងក្លាមួយ ដែលមានសមត្ថភាព​គ្រប់គ្រាន់ ដើម្បីធ្វើការហោះហើរ​ទៅកាន់ទីអវកាស។ ប៉ុន្តែអ្វីដែល​ជាបញ្ហានោះ គឺថាកម្លាំង​ទំនាញ​ដ៏មានអានុភាព​របស់ភពទាំងនោះ ក៏អាចបង្កជាផលលំបាក​ខ្លាំង​សម្រាប់ជីវិត​ទាំងនោះ ធ្វើការហោះចាកចេញ​ពីផ្ទៃភព​របស់ពួកគេ​ផងដែរ ដើម្បីទៅធ្វើការរុករក​ និងស្រាវជ្រាវក្នុងទីអវកាស​ផងដែរ។

ហេតុដូច្នេះ​ហើយ មនុស្សនៅ​តាមភព Super Earth ហាក់ដូចជា​មិនអាចមានឱកាស​ទៅរុករកក្នុង​ទីអវកាសនោះទេ ជំនួស​មកវិញ ពួកគេ​អាចនឹងជាប់គាំង​នៅលើភពកំណើត​របស់ខ្លួន ហើយ​ត្រូវប្រើប្រាស់​ប្រព័ន្ធ​តេឡេស្កូបឡាស៊ែរ​ ឬវិទ្យុ សម្រាប់ការ​ទំនាក់ទំនង​​ក្នុង​ទីអវកាស ​ឬ​ឆ្លង​​ប្រព័ន្ធ​​​ផ្កាយ ជំនួសការបញ្ជូន​យាន​អវកាស៕​​​