(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានកោត​សរសើរមេដឹក​នាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ពេញៗ​មាត់ សម្រាប់ការ​ចាប់ផ្ដើម​ការបើកចំហរ និងគួរឱ្យគោរព នៅមុនជំនួប​រវាងអ្នកទាំងពីរដែល​គ្រោងនឹងធ្វើឡើង​នៅខែឧសភា ឬនៅខែមិថុនា​ខាងមុខនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារ​ព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះ​របស់លោក ដូណាល់ ត្រាំ កើតមានឡើង​ខណៈលោក​កំពុងត្រៀមខ្លួន​ អង្គុយទល់មុខ​គ្នាចរចា​ជាប្រវត្តិសាស្ត្រ ជាមួយលោក គីម ជុងអ៊ុន ស្ដីពីការរំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។ «យើងនឹង​អង្គុយចរចា​ជាមួយលោក គីម ជុងអ៊ុន ហើយ​ជំនួបនេះ​នឹងកើតមានឡើង​នៅក្នុងពេល​ឆាប់ៗ​នេះ»។ នេះគឺជា​ការលើកឡើង​របស់លោក ត្រាំ នាឱកាសចាប់​ផ្ដើមកិច្ចពិភាក្សា​ជាមួយ ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ដែលកំពុង​បំពេញទស្សនកិច្ច​នៅក្នុងទីក្រុង​វ៉ាស៊ីនតោន។ ប្រធានាធិបតី​អាមេរិក រូបនេះ​បានបន្ថែមថា «យើងត្រូវបានប្រាប់​ដោយផ្ទាល់ថា ពួកគេ (កូរ៉េខាងជើង) ចង់ជួបពិភាក្សា​ក្នុងពេលឆាប់ៗ​នេះ​តាមដែល​អាចទៅរួច ហើយយើង​គិតថា វាគឺជារឿងល្អ​សម្រាប់​ពិភពលោក»

តែទោះជា​យ៉ាងនេះក្ដី កាលពីប៉ុន្មាន​សប្ដាហ៍មុន លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ដែរថា លោកនឹងចេញពី​កិច្ចប្រជុំជា​មួយលោក គីម ជុងអ៊ុន ភ្លាមៗបើសិន​ជាកិច្ចប្រជុំនោះ មិនមែនលទ្ធផល​អ្វីទេនោះ ហើយមិនតែ​ប៉ុណ្ណោះសេតវិមាន​កាលពីថ្ងៃអង្គារ ក៏បាន​អះអាងដែរថា គ្មានឡើយ​ការបន្ធូរបន្ថយ ឬដកទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដរាប​ណារដ្ឋកុម្មុយនិស្ដមួយនេះ​យល់ព្រមបោះ​បង់ចោល អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង៕